ព័ត៌មានជាតិ

សម្ដេចតេជោ ឆ្លើយតបក្រុមប្រឆាំងថា ត្រឹមត្រូវហើយលោក អូន ព័ន្ធមុនីរ័ត្ន ជាបេក្ខជននាយករដ្ឋមន្ដ្រីកម្ពុជា

ភ្នំពេញ៖ ក្រោយពីក្រុមប្រឆាំង នៅក្រៅប្រទេសតែងតែលើកឡើងថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា បេក្ខជននាយករដ្ឋមន្ដ្រីកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបវិញថា ត្រឹមត្រូវហើយ លោកអូន ព័ន្ធមុនីរ័ត្ន ជាបេក្ខជន នាយករដ្ឋមន្ដ្រី ព្រោះបក្សកាន់អំណាច មានរបៀបធ្វើការត្រឹមត្រូវ។

សម្តេចថា ដូច្នេះ ពួកអ្នកឯងត្រូវយល់អំពីការរៀបចំ បេក្ខជននាយករដ្ឋមន្ដ្រី ក្នុងជួរគណបក្សប្រជាជនកម្ពុជា។

នាពេលកន្លងមក លោក អូន ព័ន្ធមុនីរ័ត្ន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងពិធីប្រគល់តំណែងប្រធានអាស៊ានជូន ប្រទេសប្រ៊ុយណេដារុស្សាឡាម តាមប្រព័ន្ធវីដេអូជំនួសសម្តេចតេជោ ក្នុងពេលសម្តេចធ្វើចត្តាឡីស័ក។ ចំណុចនេះហើយដែលធ្វើឲ្យ អតីតមន្រ្តីបក្សប្រឆាំង និងសារព័ត៌មានយល់ច្រឡំលោករដ្ឋមន្រ្តីសេដ្ឋកិច្ចរូបនេះ អាចក្លាយជាបេក្ខជន នាយករដ្ឋមន្រ្តីនៅអាណត្តិខាងមុខ។

ក្នុងឱកាសថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នាពេលកន្លងមកសម្ដេច បានធ្វើចត្តាឡីស័ក ដូច្នេះ មិនអាចចូលរួមប្រជុំអាស៊ានបានឡើយ តាមរយៈប្រព័ន្ធវិដេអូ ដោយចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ជំនួស សម្ដេច ក្នុងការចូលរួមប្រជុំអាស៊ាន។

សម្ដេចតេជោ មានប្រសាសន៍ថា «ត្រឹមត្រូវហើយបន្ទាប់ពីឲ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ធ្វើជាជំនួសនាយករដ្ឋមន្ដ្រីចូលរួ មប្រជុំអាស៊ាន ត្រូវបានលើកឡើងដោយសារព័ត៌មានខ្លះថា ជាបេក្ខជននាយករដ្ឋមន្ដ្រីដ៏មានសក្តានុពល ។ អ្នកឯងនិយាយត្រឹមត្រូវ។ នៅកម្ពុជា ក្នុងគណបក្សប្រជាជនអ្នកឯងត្រូវយល់ឲ្យច្បាស់ អំពីរបៀបរៀបចំរបស់គេ គេរៀបចំ៣ខ្សែត្រៀម និង៤ខ្សែត្រៀមឯណោះ»។

សម្ដេចតេជោ បន្ដថា អ្នកខ្សែត្រៀមទី១ ជំនួសសម្ដេច ក្នុងនោះសម្ដេចថា តើឧបនាយករដ្ឋមន្ដ្រីប៉ុន្មាននាក់ មានអាយុតិចជាងសម្ដេច? ភាគច្រើនមានអាយុច្រើនជាសម្ដេច ។សម្ដេចថា សម្ដេចបានបណ្ដុះបណ្ដាល លោក អូន ព័ន្ធមុនីរ័ត្ន តាំងពីធ្វើលេខាផ្ទាល់របស់សម្ដេច រហូតឡើងធ្វើឧបនាយករដ្ឋមន្ដ្រី ហើយត្រូវជំនួសនាយករដ្ឋមន្ដ្រី ក្នុងការចូលរួបប្រជុំ អាស៊ាននាពេលកន្លងមកនេះផងដែរ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «កុំមួយថ្ងៃៗត្រៀមអំណាចឲ្យ ហ៊ុន ម៉ាណែតៗ គណបក្សប្រជាជនមានធនធានមនុស្សសំបូរបែប និងបណ្ឌិតមិនតិចទេ។អ្នកឯងនិយាយត្រូវ ខ្ញុំអូខេជាមួយអ្នកឯង ស្ថិតក្នុងចំណោមមនុស្សអ្នកឯង នៃបេក្ខជនមនុស្សផ្សេងទៀត»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានស្បថថា នឹងមិនចរចា និងមិនលើកឡើងពីឈ្មោះ ពួកក្រុមប្រឆាំង។សម្ដេច ក៏បានផ្ដាំផ្ញើថា ក្រុមគ្រួសារ សម្ដេច មានបណ្ឌិតច្រើនណាស់។

សម្ដេចតេជោ បានថ្លែងថា «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំសូមស្បថកាត់កន្ទុយ មិនត្រឹមតែមិននិយាយរកពួកអ្នកឯងទេ ចរចាជាមួយអ្នកឯងទេ សូម្បីឈ្មោះអ្នកឯងក៏មិននិយាយដែរ»៕

To Top