Covid-19

សម្ដេចតេជោ៖ កម្ពុជាទិញតែវ៉ាក់សាំងកូវីដ-១៩ ទទួលស្គាល់ពី WHO ហើយមិនយកពលរដ្ឋ សម្រាប់ធ្វើតេស្ដរបស់ប្រទេសណាឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជាទទួល ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលស្គាល់ពី អង្គការសុខភាពិភពលោក (WHO) តែប៉ុណ្ណោះ ហើយក៏មិនយកប្រជាពលរដ្ឋរបស់ខ្លួន មកធ្វើតេស្ដរបស់ប្រទេសណាមួយឡើយ។

ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ជូនជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា កម្ពុជានឹងមិនយកពលរដ្ឋរបស់ខ្លួន ទៅសាកល្បងសម្រាប់ការ តេស្តវ៉ាក់សាំងឲ្យប្រទេសណានោះឡើយ ដោយកម្ពុជា សុខចិត្តរង់ចាំរហូតដល់មានវ៉ាក់សាំងដែល ទទួលស្គាល់ជាផ្លូវការពី អង្គការសុខភាពពិភពលោក។

សម្ដេចតេជោបន្ដថា តើវ៉ាក់សាំងជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជាពេលណា? ចំណុចបេះ សម្ដេចថា ក៏ឆ្លើយមិនទាន់បានឡើយ ព្រោះកម្ពុជាទទួលទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលទទួលស្គាលពី អង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។

សម្ដេចតេជោ មានប្រសាសន៍ថា «សូមបញ្ជាក់ថា កម្ពុជាទទួលទិញតែវ៉ាក់សាំង របស់ប្រទេសណាដែល មានការទទួលស្គាល់ ដោយអង្គការសុខភាពិភពលោកតែប៉ុណ្ណោះ។ កម្ពុជានឹងមិនយកពលរដ្ឋរបស់ខ្លួន ធ្វើតេស្ដវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណានោះទេ»។

សម្ដេចតេជោ រំលឹកថា កាលពីឆ្នាំ២០០៥ រដ្ឋមន្ដ្រី ក្រសួងសុខាភិបាលកម្ពុជា គ្រោងយកថ្នាំជំងឺអេដស៍យកមកសាកល្បងនៅកម្ពុជា ហើយសម្ដេចឆ្លើយតបវិញថា «ប្រជាជនកម្ពុជា មិនមែនជាមនុស្សសម្រាប់ ធ្វើតេស្ដថ្នាំប្រទេសណាទាំងអស់ »។សម្ដេចថា ទោះបីឲ្យជំនួយក៏ដោយ ក៏កម្ពុជាមិនទទួលយកឡើយ ព្រោះនេះជាសុខភាពរបស់ប្រជាពលរដ្ឋ ដូច្នេះត្រូវមានការ ប្រុងប្រយ័ត្នគ្រប់ពេលវេលា។

សម្ដេចតេជោ បន្ថែមថា កម្ពុជាសុខចិត្តរង់ចាំវ៉ាសាំងជំងឺកូវីដ-១៩ ដោយមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក ប្រសើរជាងភាពមិនច្បាស់លាស់។សម្ដេចថា កម្ពុជាមិនមែនជាធុងសំរាម សម្រាប់បោះចោលបច្ចេកវិទ្យាហួស សម័យឡើយ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៀតថា ពលរដ្ឋដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅចំនួន ១៣លាននាក់ នឹងទទួលបានវ៉ាក់សាំង (២៦លានដូស)។ សម្តេចមិនទាន់ដឹងពីតម្លៃវ៉ាក់សាំងនោះឡើយ តែបច្ចុប្បន្ន កម្ពុជាមាន ៥៣៨លានដុល្លារក្នុងដៃ រួមទាំង៤៨លានដុល្លារ បន្ថែមទៀតពីចលនា សប្បុរសជននានា។

ការលើកឡើងរបស់សម្តេចតេជោ ស្របពេលដែល មានប្រទេសមហាអំណាច ក្នុងពិភពលោកបានផលិត វ៉ាក់សាំងការពារកូវីដ១៩។ ក្នុងនោះប្រទេសចិនក៏ផលិត អាមេរិក អង់គ្លេស និងរុស្ស៊ីជាដើម។ ជាមួយគ្នាប្រទេសឥណ្ឌូនេស៊ី ក៏បានទិញវ៉ាក់សាំងពីក្រុមហ៊ុនចិន មកចាក់ឲ្យពលរដ្ឋខ្លួនមួយចំនួនដែរ ៕

ដោយ៖ អេង ប៊ូឆេង

To Top