ព័ត៌មានជាតិ

កម្ពុជា ស្នើឲ្យកាណាដា ជួយគាំទ្រដល់គម្រោង ចុះស្រាវជ្រាវ និងពិនិត្យឡើងវិញ នូវស្ថានភាពចម្ការមីន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឲ្យប្រទេសកាណាដា ពិចារណាលើការជួ យគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញ នូវស្ថានភាពចម្ការមីន នៅប្រទេសកម្ពុជា ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ លោក លី ធុជ។

ក្នុងជំនួបពិភាក្សា ការងារជាមួយ លោក Jan Scazighino ភារធារីថ្មីប្រចាំការិយាល័យស្ថានទូតកាណាដានៅកម្ពុជា នា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ បានថ្លែងថា «ខ្ញុំបានស្នើសុំឲ្យប្រទេសកាណាដា ពិចារណាលើការជួយគាំទ្រ ដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាព ចម្ការមីនបច្ចុប្បន្នពាក់ព័ន្ធ នឹងការប្រើប្រាស់ដី (Resurvey) ដែលការស្រាវជ្រាវឡើងវិញនេះ នឹងនាំឲ្យយើងអាចកាត់បន្ថយ ការប្រើប្រាស់ថវិកា និងពេលវេលាបានយ៉ាងច្រើន ក្នុងការងារបោសសម្អាតមីន»។

លោកបន្ដថា «ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ខ្ញុំបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យសកម្មភាពមីន ចាប់តាំងពីឆ្នាំ១៩៩៩»។

លោកលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យបោសសម្អាតមីន ជាការងារអាទិភាពមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការផ្តល់នូវសុខដុមក្នុងសង្គម ដែលក្នុងនោះសម្តេចតេជោ តែងតែយកចិត្តទុកដាក់ខ្ពស់ និងចង់ឃើញប្រជាពលរដ្ឋរស់នៅទីជនបទទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព ដូចប្រជាពលរដ្ឋរស់នៅទីក្រុងដែរ។

នាឱកាសនោះដែរ លោក Jan Scazighino បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការចូលរួមចំណែករបស់ប្រទេសកាណាដា ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការសង្រ្គោះជីវិតមនុស្សពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ជាការឆ្លើយតបនឹងសំណើខាងលើ លោក Jan Scazighino នឹងពិនិត្យពិចារណាគាំទ្រដល់គម្រោងការចុះស្រាវ ជ្រាវឡើងវិញនូវចម្ការមីននេះ៕

To Top