ព័ត៌មានជាតិ

ក្រសួងសាធារណការ៖ ការប្រើប្រាស់ព័ត៌មានវិទ្យា Port EDI គឺដើម្បីជួយសម្រួលនីតិវិធី ចេញ-ចូល កំពង់ផែកម្ពុជា សម្រាប់នាវាអន្តរជាតិធំៗ

ភ្នំពេញ ៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការប្រើប្រាស់ព័ត៌មានវិទ្យា ប្រព័ន្ធផ្លាស់ ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ដើម្បីជួយសម្រួលនីតិវិធី ចេញ-ចូល កំពង់ផែកម្ពុជាសម្រាប់នាវាដឹក ជញ្ជូនទំនិញអន្តរជាតិធំៗ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ក្នុងកិច្ចប្រជុំ ស្តីពីការចាប់ផ្តើមគម្រោង Port EDI ជាមួយលោក HIROSHI NISHIOKA តំណាង ទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈវីដេអូ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក រស់ វណ្ណា បានអំណរគុណចំពោះ ដល់ប្រជាជនជប៉ុនតាមរយៈ JICA ដែលតែងតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ កម្ពុជា ជាពិសេស គម្រោង Port EDIនេះ ដើម្បីឲ្យការធ្វើជំនួញ តាមផ្លូវទឹកមានប្រសិទ្ធភាព និងតម្លាភាពកាន់តែខ្ពស់។

លោកបញ្ជាក់យ៉ាងដូច្នេះថា «សារសំខាន់នៃការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យា Port EDI ក្នុងការជួយសម្រួលដល់នីតិវិ ធី ចេញ-ចូល កំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ សំដៅគ្រប់គ្រងសេវាដឹកជញ្ជូន តាមផ្លូវទឹកប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេស បង្កើនការទាក់ ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារ ធ្វើជូនពលរដ្ឋកម្ពុជា ផងដែរ»។

សូមបញ្ជាក់ថា កម្ពុជាគ្រោងនឹងពង្រីក សមត្ថភាពកំពង់ផែស្វយ័ត ក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាង ចំណតផែកុងតឺន័រថ្មីមួយ ជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានា ដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦០.០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវា ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែ លំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រ ឆ្លងកាត់លើសពី១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាម សមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាប ប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូន តាមសមុទ្រនៃប្រទេសជិតខាង។

លើសពីនេះទៀត ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ ក្នុងការដោះដូរទំនិញ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដោយបានតភ្ជាប់ជាមួយ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវដែក ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរសាងសង់ផងដែរ៕

To Top