ព័ត៌មានជាតិ

ខ្លោងទ្វារខាងកើត ប្រាសាទតានៃ នឹងបញ្ចប់ការជួសជុល ជាស្ថាពរពីអ្នកជំនាញខ្មែរ នាចុងឆ្នាំ២០២០

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិ ស្រាវជ្រាវមរតកវប្បធម៌នៃទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន ធ្វើការជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតានៃជិត រួចរាល់ជាស្ថាពរហើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ អាជ្ញាធរជាតិអប្សរា ។

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោក ស៊ា សុភារុន បុរាណវិទូនៃនាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការ និងជាប្រធានការដ្ឋានជួសជុល បានឱ្យដឹងថា ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទ តានៃដែលចាប់ផ្តើម តាំងពីឆ្នាំ២០១៩មកម្លេះ ពេលនេះ ឈានទៅដល់ការគ្រោងនឹង បញ្ចប់នៅត្រឹមចុងឆ្នាំ២០២០។

លោកមានប្រសាសន៍ទៀតថា «ដើមឡើយបញ្ហាប្រឈមខ្លាំង របស់ខ្លោងទ្វារខាងកើតប្រាសាទតានៃ គឺរចនាសម្ព័ន្ធរបស់ទាំងមូល របស់ខ្លោងទ្វារតែម្តង ដោយមូលហេតុឬស និងដើមឈើធ្វើឲ្យគ្រឹះរំកិលចេញពី ទីតាំងដើមបណ្តាលឲ្យថ្មជញ្ជាំងហែក ចេញពីគ្នានឹងអាចបាក់រលំ។ ឯដំបូលថ្មបានជ្រុះធ្លាក់ស្ទើរទាំងស្រុង»។

សូមជម្រាបថា រហូតមកដល់ពេលនេះ ខ្លោងទ្វារខាងកើតនៃប្រាសាទតានៃ ត្រូវបានជួសជុលស្ទើតែរួចរាល់ និងថ្មដំបូលត្រូវបានរៀបចំតម្លើងឡើងវិញ តាមរូបរាងដើមទាំងស្រុង ៕

To Top