បរទេស៖រដ្ឋសភារបស់ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានបង្ហាញនូវសាមគ្គីភាពដ៏កម្រមាន ក្នុងដំណើរថ្កោលទោស ចំពោះទណ្ឌកម្មសហរដ្ឋអាមេរិកជុំវិញការទិញប្រព័ន្ធការពារពីរុស្ស៊ី និងបាននិយាយថា ប្រទេសតួកគី នឹងមិនស្ទាក់ស្ទើរក្នុងកិច្ចការពារខ្លួនឯង ក្នុងទីចំពោះមុខនៃការគម្រាមកំហែងនោះឡើយ។
គណបក្សនយោបាយធំៗចំនួន៤ក្នុងចំណោមគណបក្សទាំង៥ បាននិយាយថា ចំណងមិត្តភាពសហរដ្ឋអាមេរិក គួរតែផ្អែកលើការគោរពគ្នាទៅវិញទៅមក និងថា ទណ្ឌកម្មជុំវិញការទិញប្រព័ន្ធការពារ S-400 ពីរុស្ស៊ី គឺមិនស្របទៅតាមស្មារតីសម្ពន្ធមិត្តនោះទេ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មផ្តោតលើនាយកដ្ឋានឧស្សាហកម្មការពារជាតិរបស់ប្រទេសតួកគី ដែលក៏ជាសមាជិកអង្គការណាតូ ព្រមទាំងប្រធាន និងបុគ្គលិក៣នាក់ផ្សេងទៀត ហើយទង្វើនេះត្រូវទីក្រុងអង់ការ៉ាហៅថា ជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ៕