ភ្នំពេញ៖ ខណៈដែលស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា មិនទាន់មានភាពស្រាកស្រាននៅឡើយនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ ទាំង២៥ រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ ក្នុងការចុះពង្រឹង តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរ ណ៍។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍។
ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង កាឡពីថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២០ លោក ថោង ខុន បានថ្លែងថា «បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅទូទាំងរាជធានី-ខេត្តទាំង ២៥ ដើម្បីចូលរួមបង្ការ-ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឧស្សាហកម្មទេសចរណ៍»។
ជាងនេះទៅទៀត លោកក៏បានណែនាំឱ្យផ្នែកជំនាញបង្កើន និងពង្រឹងផលិតផលទេសចរណ៍ ពិសេសទេសចរណ៍តាមបែបអេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍ជនបទ ដែលអាចនឹងក្លាយជា ផលិតផលទេសចរណ៍ថ្មី ពេញនិយម នៅក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ តែត្រូវអនុវត្តន៏ហ្មឺងម៉ាត់តាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៦២នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន៣២៤នាក់ និង៣៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕