ភ្នំពេញ៖ រដ្ឋបាលជលផល បានឲ្យដឹងថា ចាប់ថ្ងៃទី២០-២៦ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ នៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើន ដូច្នេះ ប្រជាពលរដ្ឋដែលមានបំណងធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ ជាដើមនោះ ត្រូវរួសរាន់តាមពេលវេលា និងទីកន្លែង។
យោងតាមសេចក្ដីជូនដំណឹង ស្ដីពី «រដូវធ្វើប្រហុក ផ្អក» របស់រដ្ឋបាលជលផល ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹ ងថា ក្នុងរដូវនេសាទឆ្នាំ២០២០-២០២១នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើកំពស់ទឹកដែលហូរចេញពីបឹង ទន្លេសាបរួចមក ឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេ សាទត្រីបានច្រើន នៅក្នុងខែបុស្សនេះ ចាប់ថ្ងៃទី២០-២៦ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។
រដ្ឋបាលជលផល ក៏បានបញ្ជាក់ថា «ស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុងខែបុស្សនេះ ឲ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែង ដូចបានជម្រាបជូនខាងលើ»។
ជាមួយគ្នានេះដែរ រដ្ឋបាលជលផល បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី កុំឲ្យ មានការរាំងស្ទះតាមការគួរ៕