ព័ត៌មានជាតិ

សត្វទោចមកុដ១គូ ចុងក្រោយ គ្រោងដោះលែង ក្នុងព្រៃធម្មជាតិ នៃក្រុងអង្គរធំ

ភ្នំពេញ ៖ បន្ទាប់ពីគម្រោង ដោះលែងសត្វព្រៃ ក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យ ជាបន្តបន្ទាប់រួចមក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ គម្រោងនេះ បានដឹកជញ្ជូនសត្វទោច មកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុង នៅជិតបឹងដូនមា ក្បែរខ្លោងទ្វារដីឆ្នាំង ខាងជើង ក្រុងអង្គរធំ។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា សត្វទោចមកុដគូ ចុងក្រោយនេះ គ្រោងនឹងធ្វើការដោះលែង ពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិ នៅឆាប់ៗខាងមុខ ។ សត្វទោចមកុដជាសត្វរស់នៅ ជាគ្រួសារ មិនចូលជាមួយគ្រួសារ ឬជាមួយហ្វូងដទៃទេ ហើយគ្រួសារនីមួយៗ មានដែនត្រាច់ចររៀងៗ ខ្លួនពី៥ទៅ១០ហិកតា និងមិនត្រួតដែនព្រៃគ្នាទេ ។

ប្រភពដដែល បន្ដថា ការកំណត់ទីតាំងក្រុមសត្វទោចមកុដ ទាំង៣គូកន្លងមក គឺមានគម្លាតពីគ្នា២០០០ម៉ែត្រ ឯចំណុះព្រៃនៅក្នុងឧទ្យានអង្គរ អាចសម្រាប់តែ៤គ្រួសារប៉ុណ្ណោះ ចំពោះលំហរព្រៃនៅសេសសល់ គឺបំរុងសម្រាប់កូនៗបែកពីមេ-បា ។ កន្លងមកគម្រោងនេះបានដោះលែង រួចមកហើយនូវសត្វទោចមកុដ ចំនួន៣គូមានចំនួន១២ក្បាល (កើតកូនបានចំនួន៦ក្បាល) ដែលមានទីតាំងស្ថិតនៅក្បែរខ្លោងទ្វារតាកាវ ខ្លោងទ្វារខ្មោច ក្បែរប្រាសាទតានៃ និងមួយគូចុងក្រោយនេះ ក្បែរខ្លោងទ្វារដីឆ្នាំង។

ជាមួយគ្នានោះ គម្រោងក៏បានដោះលែងសត្វឆ្មារដាវ (Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច (Oriental Pied Hornbill) ចំនួន១គូដែរ ចូលក្នុងព្រៃធម្មជាតិ ក្រោយពីគម្រោងបានផ្សាំ ក្នុងទ្រុងអស់រយៈពេលជិត៣ខែមក ។ ក្រៅពីនោះ កន្លងមកក៏មានការដោះលែង សត្វឈ្លូស៤ក្បាល សត្វស្វាព្រាម១២ក្បាល សត្វសំពោចក្រអូប៥ក្បាល និងសត្វភេខ្លួនរលោង៥ក្បាល ចូលក្នុងព្រៃអភិរក្សក្នុងរមណីយដ្ឋានអង្គរ ។

ដើម្បីឲ្យសត្វព្រៃទាំងអស់នោះ បន្តវត្តមាននៅក្នុងព្រៃធម្មជាតិ នៃរមណីយដ្ឋានអង្គរ និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវហើយ អំពាវនាវទៀតជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃ ទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញ មានបំណងមិនល្អ និងសូមកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕

To Top