ព័ត៌មានជាតិ

លោកស្រី ខៃ ណារិន ចេញលិខិតបំភ្លឺជាសាធារណៈ ចំពោះការសកម្មភាព មនុស្សមួយក្រុម សាងសង់ផ្ទះលើដីស្របច្បាប់ របស់លោកស្រី នៅឃុំកែវផុស ស្រុកស្ទឹងហាវ និងបានដាក់ពាក្យប្តឹង ចាត់ការតាមច្បាប់

ព្រះសីហនុ ៖ លោកស្រី ខៃ ណារិន អាយុ៦២ឆ្នាំ បានចេញសេចក្តីសុំបំភ្លឺ ជូនសាធារណៈជន ជុំវិញសកម្មភាព របស់បុគ្គលមួយក្រុម ដែលបានធ្វើការសាងសង់ផ្ទះ នៅលើដីរបស់លោកស្រី ដែលមានការទទួលស្គាល់ និងលិខិតស្នាមត្រឹមត្រូវ ស្ថិតនៅភូមិឬទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រមទាំងបានដាក់ពាក្យប្តឹង ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ផងដែរ ។

នៅក្នុងលិខិតបំភ្លឺ របស់លោកស្រី ដែលអង្គភាពព័ត៌មានយើងខ្ញុំ ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ខៃ ណារិន បានគូសបញ្ជាក់ថា ចំពោះការចោទថា លោកស្រី បានទៅរំលោភបំពានទៅ ឈូសឆាយ គ្មានព្រំប្រទល់ ដោយគ្មានឯកសារច្បាស់លាស់នោះ គឺជាការមិនពិតទេ ។ តាមការពិត លោកស្រី បានទិញដីទាំងនេះ ដោយមានការ ទទួលស្គាល់ដឹងឮ និងមានលិខិតស្នាមត្រឹមត្រូវ ពីអាជ្ញាធរតាំងពីថ្នាក់ភូមិឃុំ និងស្រុកទៀតផង ហើយមិនតែប៉ុណ្ណោះលោកស្រី ថែមមានចិត្តអាសូរ ហើយបានផ្តល់ដីទំហំ ៥គុណ២០ម៉ែត្រ ជូនប្រជាពលរដ្ឋមួយចំនួន ដែលមិនមានដីធ្វើផ្ទះសម្រាប់សាងសង់លំនៅដ្ឋានទៀតផង ប៉ុន្តែនៅមានបុគ្គលមួយចំនួន នៅតែបន្តមកទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ ថែមទាំងបំផ្លាញឈូសឆាយបំផ្លាញ ដំណាំរបស់លោកស្រីទៀតផង ។

លោកស្រីបានថ្លែងថា «ចំពោះសារព័ត៌មានផ្សេងៗ ដែលបានចុះផ្សាយ ក៏ដូចជាប្រជាពលរដ្ឋ បានលើកឡើងថា នាងខ្ញុំបានទៅរំលោភបំពាន ទៅឈូសឆាយ គ្មានព្រំប្រទល់ ដោយគ្មានឯកសារច្បាស់លាស់នោះ គឺជាការមិនពិតទេ គឺមានការផ្ទុយទាំងស្រុង ព្រោះទីតាំងដីខាងលើនេះ ជារបស់គ្រួសារយោធា ដែលនៅជិតទីតាំង របស់ពួកគាត់ឈរជើង ហេតុនេះការប្រមូលទិញគឺទិញពី១១គ្រួសារ នៃទ័ពឈរជើង ដែលកាន់កាប់នៅទីនោះ មួយវិញទៀត នាងខ្ញុំបានទិញដី ដោយមានអាជ្ញាធរដឹងលឺ ត្រឹមត្រូវ ហើយនាងខ្ញុំ ក៏មិនបានទៅធ្វើបាបប្រជាពលរដ្ឋ ទៅដេញបំបុកអីនោះទេ គឺនាងខ្ញុំបានស្នើសុំឲ្យអាជ្ញាធរកោះ ហៅប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ និងចុះទៅស្រង់ស្ថិតិ អ្នកដែលរស់នៅពិតប្រាកដ ដើម្បីរកអោយឃើញថា អ្នកណារស់នៅពិតប្រាកដ ផលប៉ះពាល់បែបណា ដើម្បីរកដំណោះស្រាយ ។ កន្លងមកនាងខ្ញុំព្យាយាមរកដំណោះស្រាយ ប៉ុន្តែបែរជាមានជនខិលខូច មួយចំនួនតូចធ្វើការញុះញង់ ប្រជាពលរដ្ឋមួយចំនួនរារាំង ក្រុមការងារ របស់អាជ្ញាធរដែនដី និងជំនាញពាក់ព័ន្ធ ដោយសារអ្នកទាំងអស់នោះ គ្មានភាពច្បាស់លាស់ គ្មានឯកសារហេតុនេះ ហើយទើបមករារាំងដំណើរ ការនៃការដោះស្រាយបញ្ហានេះ មិនឲ្យទៅមុខរួច មិនតែប៉ុណ្ណោះមានទាំងជន ខិលខូចមួយចំនួន ញុះញង់បំផុសបំផុលធ្វើយ៉ាងណា ឲ្យរាំងស្ទះដំណើរការ នៃការដោះស្រាយនេះ ។ ដូច្នេះបញ្ជាក់ឱ្យឃើញថា មិនមែននាងខ្ញុំគ្មានចេតនា គ្មានឆន្ទៈក្នុងការដោះស្រាយនោះឡើយ បើនាងខ្ញុំគ្មានឆន្ទៈក្នុងការដោះស្រាយនោះ នាងខ្ញុំក៏ពុំចាំ បាច់ស្នើសុំ ទៅក្នុងអង្គប្រជុំដែរ ក្នុងនោះទៀត សោតប្រជាពលរដ្ឋចំនួន ១៤គ្រួសារ បានផ្តិតមេដៃទទួលយកការដោះស្រាយ ពីនាងខ្ញុំ ដោយប្រជាពលរដ្ឋទាំងនោះ ទទួលស្គាល់កំហុស របស់ខ្លួនថា ពួកខ្លួនពិតជាបានមករស់នៅ លើដីនេះដោយខុសច្បាប់ ហើយសុខចិត្តទទួលយកការដោះស្រាយទំហំ ៥ម៉ែត្រការ៉េ គុណនឹង២០ម៉ែត្រការ៉េ ក្នុងមួយគ្រួសារ តែគ្រួសារមួយចំនួនទៀត ដែលដែលគ្មានឯកសារ និងមករស់នៅមិនជាប់លាប់នោះ បានធ្វើការជំទាស់ មិនអោយអាជ្ញាធរដំណើរ ការតាមនីតិវិធីទេ គឺពួកគាត់មានបំណង អោយការដោះស្រាយ របស់អាជ្ញាធរដែនដី មានការរាំងស្ទះ ហើយមកចោទប្រកាន់ថា នាងខ្ញុំទៅរំលោភបំពាន»។

ខាងក្រោមនេះ ជាលិខិតបំភ្លឺ របស់លោកស្រី ខៃ ណារិន៖

To Top