ព័ត៌មានជាតិ

កម្ពុជាស្នើ IMF បន្ដគាំទ្រ គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន លើកការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ ៖ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់ គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានស្នើមូល និធិរូបិយ៍វត្ថុអន្ដរជាតិ (IMF) បន្តគាំទ្រការអនុវត្តគម្រោង FMIS ជាបន្តបន្ទាប់លើការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច ។

ក្នុងឱកាសទទួលជួបតំណាង របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណ ចំពោះ IMF ក្នុងបេសកកម្មលើការងារ វាយតម្លៃ និងជួយគាំទ្រផ្ទាល់ដល់គម្រោង FMIS លើកទី១០នេះ។

លោកបន្ដថា ទោះបីមានបញ្ហាកូវីដ១៩ ក៏ដោយ ក៏គោលជំហរក្រសួង បន្តអនុវត្តគម្រោងជំហានទី៣ ឲ្យបានទទួលជោគជ័យ ដូចជំហានទី២ រួមមាន៖ ការ បន្តពង្រីកការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធនៅតាមអង្គភាពថវិកាផ្ទេរសិទ្ធិពេញលេញ និងនៅតាមរដ្ឋបាល និងអង្គភាពថ្នាក់ក្រោមជាតិ ,ការពង្រឹងគុណភាពប្រព័ន្ធ FMIS ជាពិសេសការបង្កើតទិន្នន័យ សម្រាប់ងាយស្រួលក្នុងការតាមដាន និងការវិភាគការអនុវត្តថវិកា និងហិរញ្ញវត្ថុ, ការពង្រីកការដាក់ឲ្យប្រើប្រាស់មុខងារប្រព័ន្ធថ្មីៗ

ជាងនេះទៅទៀត មុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញ, ការបន្តអនុវត្តការទូទាត់តាមប្រព័ន្ធ អេឡិកត្រូនិចឲ្យបានគ្រប់ជ្រុងជ្រោយ , ការបន្តកែសម្រួលនីតិវិធីអនុវត្តការងារដោយឱ្យមកប្រើប្រាស់តាមប្រព័ន្ធទាំង ស្រុងដោយគ្មានការអនុវត្តជាក្រដាសស្នាមខាងក្រៅប្រព័ន្ធ FMIS ,ការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ជួយដល់ការគ្រប់គ្រងសាច់ប្រាក់, ការឈានឲ្យដល់ការប្រើប្រាស់ប្រព័ន្ធ សម្រាប់គ្រប់គ្រងថវិកាជំនួយពីដៃ គូអភិវឌ្ឍន៍, ការបន្តធ្វើសន្ធានកម្ម ជាមួយប្រព័ន្ធនានាពាក់ព័ន្ធ នឹងកិច្ចការហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងស្ថាប័ន និង ដៃគូឯកជននានា និង ការកសាងសមត្ថភាពមន្ត្រីរាជការ នៅក្នុងក្របខណ្ឌគ្រប់គ្រងការផ្លាស់ប្ដូរ ដែលធានាបាន នូវស្ថិរភាព និងនីរន្តរភាព ។

លោក ហ៊ាន សាហ៊ីប បញ្ជាក់យ៉ាងដូច្នេះថា «ស្នើសុំ IMF បន្តកិច្ចសហការគាំទ្រ ដល់ការអនុវត្តគម្រោង FMIS នៅជំហានជាបន្តបន្ទាប់ ជាពិសេសគឺការគ្រប់គ្រងការផ្លាស់ប្ដូរ និង ការចែករំលែកបទពិសោធន៍ ជាឧត្តមានុវត្តន៍ នៃដំណើរការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ»។

ជាមួយគ្នានេះ តំណាង IMF បានកោតសរសើរដល់ការ ខិតខំបំពេញ ការងារយ៉ាង សស្រាក់សស្រាំរបស់ អគ្គនាយកដ្ឋានពាក់ព័ន្ធ, អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និង ជាពិសេសលេខាធិការដ្ឋានក្រុមការងារ គ្រប់គ្រងគម្រោង FMIS ដែលក្រៅពីបានអនុវត្ត បាន ដោយជោគជ័យតាមផែនការ សកម្មភាពគម្រោងហើយ ថែមទាំងបានខិតខំជួយសម្របសម្រួល ដល់ដំណើរបេសកកម្មរបស់ IMF ឲ្យប្រព្រឹត្តទៅបាន ដោយរលូនទៀត៕

To Top