ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវឲ្យអាជ្ញាធរខេត្ត ជាប់ព្រំដែនថៃ បង្កេីនការប្រុងប្រយ័ត្នព្រោះ ខេត្តសាមុតសាខន ផ្ទុះជំងឺកូវីដ-១៩ខ្លាំង

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានណែនាំទៅដល់ខេត្តជាប់ព្រំដែនថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរចូលមកកម្ពុជា ព្រោះ ខេត្តសាមុតសាខន នៃប្រទេសថៃ កំពុងផ្ទុះជំងឺកូវីដ-១៩ខ្លាំង។

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវបែបនេះបន្ទាប់ពីទទួល បានព័ត៌មានតាមរយៈការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ និងការដាស់តឿនឲ្យប្រុងប្រយ័ត្នរបស់ក្រសួងសុខាភិបាលថៃសម្រាប់មន្ទីរពេទ្យនៅទីក្រុងបាងកក ស្តីពីការផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ-១៩នៅខេត្តសាមុតសាខន មានរហូតដល់ជាង ៥០០នាក់ហើយដែលបានឆ្លង ហើយភាគច្រើនជាប្រជាជនភូមាបានបម្លាស់ទី មកធ្វើការនៅ ក្នុងខេត្តនោះ ។ បច្ចុប្បន្ននេះ មានការប្រកាសឲ្យបិទខេត្តនេះ។

យោងតាមសេចក្ដីណែនាំបន្ទាន់របស់ ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដោយសារខេត្តសាមុតសាខននៃប្រទេសថៃនេះ មានចម្ងាយមកប្រទេសកម្ពុជា ប្រហែលជា ៣០០ គីឡូម៉ែត្រ និងមានខេត្តដែល មានច្រកចេញចូលជាមួយប្រទេសថៃ ដូចជាខេត្តកោះកុង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ។

ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ចូលមកកម្ពុជាជាយថាហេតុ ដោយសារការចល័តរបស់បុគ្គល ឬរបស់អ្នកដំណើរដែលមាន ផ្ទុកនូវវីរុសកូវីដ-១៩ លោក ម៉ម ប៊ុនហេង បានណែនាំដូចជា ៖

ទី១-បណ្តាខេត្តនៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានហ្មត់ចត់ជាទីបំផុត ជាពិសេសត្រូវវាស់កំដៅ បំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរឲ្យបានត្រឹមត្រូវជាទីបំផុត។

ទី២- រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់។

ទី៣-ត្រូវយកវត្ថុសំណាកអ្នកដំណើរ បញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខ ភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលបុគ្គលមកដល់ច្រកចូលប្រទេសកម្ពុជា។

ទី៤- ត្រូវរៀបចំទីកន្លែងឲ្យមានគម្លាតសុវត្ថិភាពពីបុគ្គលម្នាក់ទៅម្នាក់ឲ្យបានពីមួយម៉ែត្រកន្លះឡើងនៅ កន្លែងវាស់កំដៅ កន្លែងបំពេញបែបបទចូលមកកម្ពុជា ឬកន្លែងរងចាំយកវត្ថុសំណាក ជាដើម។

ទី៥-អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមនៅក្នុងការត្រួតពិនិត្យការធ្វើចត្តាឡីស័កអ្នកដំណើរចូលមកកម្ពុជានេះ ឲ្យបានត្រឹមត្រូវ ចៀសវាងការរបូតចេញពីទីកន្លែងធ្វើចត្តាឡីស័កដោយយថាហេតុណាមួយដែលយើង មិនបានដឹង។

ទី៦-សម្រាប់បងប្អូននៅតាមសហគមន៍ សូមចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរភូមិ-ឃុំ ប្រសិនបើមានជន ចំណូល ថ្មី ចូលមកសហគមន៍របស់ខ្លួន ហើយមិនបានធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទេនោះ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍របស់បងប្អូន ដែលអាចមានជាយថាហេតុ។

និងទី៧- ត្រូវរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យមានការឆ្លងវីរុសកូវីដ-១៩ ទៅអាជ្ញាធរសុខាភិបាល ឬអាជ្ញាធរនៅមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវបានទាន់ពេលវេលា៕

ដោយ អេង ប៊ូឆេង

To Top