ភ្នំពេញ៖ ផលិតផលសម្លាប់មេរោគ ដែលមានទាំង ជែលលាងដៃ នឹងសាប៊ូបោកខោអាវ សរុប ចំនួន៨២០កេស ស្មើនឹងទឹកប្រាក់ប្រមាណ ១៦០០០ដុល្លារ ត្រូវបានក្រុមហ៊ុនយូនីលីវើ(ខេមបូឌា) លីមីតធីត ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបែងចែក ជូនដល់មន្ត្រីជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
នៅក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការអរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន unilever cambodia limited ដែលបានផ្ដល់នូវទឹកសម្លាប់មេរោគ ជេលលាងដៃ នឹងសាប៊ូបោកខោអាវមួយចំនួននេះ ។ លោកសន្យាថា នឹងយកផលិតផលទាំងអស់ នេះទៅបែងចែក ទៅតាមអ្វីដែលក្រុមហ៊ុនចង់បាន ។
លោកអភិបាល បន្តទៀតថា ជំងឺកូវី-១៩ បានឆ្លងរាលដាលចូលសហគមន៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយការខិតខំប្រឹងប្រែង ពីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការចូលរួមសហការល្អ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋឃើញថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រាជធានីភ្នំពេញ យើងអាចគ្រប់គ្រងបាន ហើយសម្ដេចតេជោ ក៏បានបញ្ជាក់ហើយថា សម្រាប់ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា កម្ពុជានឹងអាចគ្រប់គ្រងបាន ត្រឹមថ្ងៃទី២៨ខែមករា២០២១ខាងមុខនេះ ។
ក្នុងពិធីប្រគល់ និងទទួល ដែលធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០ តំណាងក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីត បានបញ្ជាក់ថា អំណោយប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ជាប្រភេទផលិតផល សម្រាប់សម្លាប់មេរោគ ជេលលាងដៃ នឹងសាប៊ូបោកខោអាវ ដែលមានចំនួន ៨២០កេស ស្មើនឹងចំនួនទឹកប្រាក់ ១៦០០០ដុល្លារ ក្នុងគោលបំណង ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចែកជូនដល់មន្ត្រីជួរមុខ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺ-១៩ ពិសេសចែកចាយ នៅក្នុងទីតាំងចត្តាឡឺស័ក មន្ទីរពេទ្យព្យាបាលជំងឺកូវី-១៩ និងសហគមន៍ប្រជាពលរដ្ឋក្រីក្រផងដែរ៕