ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំអាជ្ញាធរ ទទួលយកព័ត៌មានរិះគន់ និងសរសើរ ដើម្បីដោះស្រាយជូនពលរដ្ឋ ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ទូទាំងប្រទេសឲ្យត្រូវទទួលយកព័ត៌មានតិះទៀន និងព័ត៌មានសរសើរ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងតម្លាភាព។

សម្តេចថា ជាពិសេស អាជ្ញាធរ ត្រូវបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិតណាមួយ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ សម្ដេច ស ខេង បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់អប់រំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាចំពោះការបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗ ដែលមានចរិតអុជអាល បង្កឲ្យមានហិង្សាក្នុងសង្គម។

សម្ដេច ក៏បានណែនាំដល់អាជ្ញាធរ ដែលពាក់ព័ន្ធបន្ថែមថា ត្រូវខិតខំបំផុសការអប់រំប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់គោរពច្បាប់ និងចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងការចូលរួមក្នុងសកម្មភាព ទាំងឡាយណាដែលផ្ទុយពីច្បាប់។

សម្ដេច មានប្រសាសន៍ថា «យើងដឹងទាំងអស់គ្នាហើយថា មជ្ឈដ្ឋានប្រឆាំង តែងតែយកបញ្ហានេះដើម្បីលើកឡើង ផ្សព្វផ្សាយអំពីការរារាំង សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ការពិតទៅដូចដែលយើងបាន ដឹងទាំងអស់គ្នាហើយ ផ្អែកតាមរដ្ឋធម្មនុញ្ញជាច្បាប់គោល ហើយច្បាប់ផ្សេងទៀត ដូចជា ច្បាប់សារព័ត៌មានជាដើម គឺមិនមានគោលបំណងដើម្បីនឹងបិទសេរីភាព បញ្ចេញមតិអ្វីទេ ។ បញ្ហាធំបំផុតគឺយើងចង់បានមតិពិត។ មតិពិត មានន័យថា ជាមតិលើកសរសើរផង និងមតិរិះគន់ផង ប៉ុន្ដែយើងមិនចង់បានមតិដែលក្លែងក្លាយនោះទេ។ មតិមិនពិត ក្លែងក្លាយ មានន័យថា ការប្រឌិត ញុះញង់ ថាឲ្យតែបានទៅ គ្មានការទទួលខុសត្រូវ»។

សម្ដេច បន្ដថា នៅលើសកលលោកប្រហែលជា មិនត្រូវការព័ត៌មានមិនពិតឡើយ ព្រោះយកទៅប្រើប្រាស់មិនកើតឡើយ ចង់បានតែព័ត៌មានពិត ដើម្បីងាយស្រួលធ្វើការងារ អ្វីមួយជូនប្រជាពលរដ្ឋ។សម្ដេចថា អាជ្ញាធរគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានា ប្រកបដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងត្រូវជៀសវាងដាច់ខាតនូវអំពើ ហិង្សាតាមគ្រប់រូបភាពផងដែរ។

ជាងនេះទៅទៀត សម្ដេច ស ខេង ក៏បានលើកឡើងថា «សូមកុំភ្លេចថា ព័ត៌មានពិត ទាល់តែគេសរសើរ យើង បានយើងថា អាណុងជាព័ត៌មានពិត។ ដល់គេតិះទៀនយើង តែជាព័ត៌មានពិត បែរជាយើងថា ជាព័ត៌មានមិនពិតនោះទេ។ ការពិតយើងចង់បាន អាសរសើរក៏យើងចង់បាន អាមិនសរសើរក៏យើងចង់បាន ប៉ុន្តែឲ្យវាពិត។ កាលណា យើងចូលចិត្តតែស្តាប់ការសរសើរ មិនចូលចិត្តស្តាប់ការរិះគន់ ប្រែមកថា មិនពិត មានន័យថាម៉េច? ព្រោះមនុស្សម្នាក់ៗ គ្មាននរណាម្នាក់ ធ្វើល្អឥតខ្ចោះទេ ធ្វើត្រូវទាំងអស់ទេ»។

សម្ដេច ក៏បានជំរុញទៅអាជ្ញាធរទូទាំងប្រទេស ត្រូវលើកកម្ពស់ការផ្តល់សេវា សាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់ត្រូវចាត់វិធានបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឲ្យបានជាប់ជាប្រចាំនិងឲ្យមានប្រសិទ្ធភាព ខណៈរឿងនេះ ជារឿងធំចំពោះមុខដែល ត្រូវដោះស្រាយ ៕

To Top