ភ្នំពេញ៖ ក្រោយខេត្តសាមុតសាខន របស់ប្រទេសថៃដែលជាប់ខេត្តជិត ១០របស់កម្ពុជាផ្ទុះជំងឺកូវីដលើមនុស្សជាង ៥០០នាក់មក អគ្គនាយកអន្តោប្រវេសន៍លោក គៀត ច័ន្ទថារិទ្ធ ណែនាំឲ្យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធ ជាមួយ មន្ត្រីក្រសួងសុខាភិបាល ដើម្បីធ្វើការត្រួតពិនិត្យចំពោះអ្នកដំណើរ ចេញ-ចូល មកកម្ពុជាឲ្យបានហ្មត់ចត់ ។
យោងតាមសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីការពារ ការចម្លងបន្តពីការផ្ទុះឡើងនូវវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខននាំចូលមកកម្ពុជា នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេស ច្រកទ្វារនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ត្រូវយកចិត្តធ្វើការឲ្យហ្មត់ចត់ កុំធ្វេសប្រហែស។
ក្នុងនោះ ៖ ទី១-ត្រូវបន្តរួមសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ ជាពិសេសដំណើរចូលរបស់ ភ្ញៀវបរទេស និងពលរដ្ឋខ្មែរដែលចូលមកពីប្រទេសថៃ ឲ្យបានហ្មត់ចត់ ដោយតម្រូវឲ្យពួកគាត់ធ្វើការធ្វើចត្តាឡីស័ក ត្រឹមត្រូវ តាមការកំណត់។
ទី២-យកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្តាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារឲ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃ ដើម្បីយកមកប្រគល់ឱ្យ មន្ត្រីភ្នាក់ងារសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់។
និងទី៣-ត្រូវយកចិត្តទុកដាក់ធ្វើការណែនាំ ក្រើនរំលឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការនៅច្រកទ្វារឲ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាកុល ឬជែល និង ប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរ ដែលចូលមកកម្ពុជា។
សូមបញ្ជាក់ថា ខេត្តសាមុតសាខន មានអ្នកឆ្លងកូវីដ១៩ជាង ៥០០នាក់ ភាគច្រើនជាប្រជាជនភូមាបាន បម្លាស់ទីមកធ្វើការនៅក្នុងខេត្តនោះ ។ បច្ចុប្បន្នខេត្តត្រូវបានប្រកាសឲ្យបិទតែម្តង។
ខេត្តសាមុតសាខនមានចម្ងាយពីកម្ពុជា ប្រហែលជា ៣០០ គីឡូម៉ែត្រ ហើយច្រកចេញ-ចូលជាមួយថៃ ដូចជាខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ៕