ព័ត៌មានជាតិ

អគ្គនាយកដ្ឋានសុខភាពសត្វ ពុំដែលអនុញ្ញាត ឲ្យនាំចូលស៊ុតទាពីប្រទេសជិតខាង ចូលកម្ពុជាឡើយ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួងពុំដែលអនុញ្ញាតជាគោលការណ៍ ឲ្យនាំចូលស៊ុតទាពីប្រទេសជិតខាង ចូលមកកម្ពុជាឡើយ ក្រោយពីសាធារណជនមួយចំនួនលើកឡើងថា ស៊ុតទាចុះថោក មកពីបណ្តាលនាំចូលស៊ុតពីប្រទេសជិតខាង។

នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ ក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា សាធារណជន ពិសេស អ្នកចិញ្ចឹមបក្សីយកស៊ុត បានចូលរួមផ្តល់យោបល់ ជាមួយគណនីហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការចុះថ្លៃស៊ុត នៅលើទីផ្សារនាប៉ុន្មានថ្ងៃចុងក្រោ យនេះ។

ករណីស៊ុតចុះថោកក្រោម ៣០០រៀល ក្នុងមួយគ្រាប់ នៅតាមតំបន់មួយចំនួននេះ មានការលើកឡើងថា បណ្តាលមកពីការនាំចូលស៊ុតពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាមជាដើម ដែលជាហេតុធ្វើឲ្យផលិតផលស៊ុត ដែលផលិតបាន នៅក្នុងស្រុកមានតម្លៃថោក លក់មិនចេញ និងពិបាករកទីផ្សារជាខ្លាំង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ទាក់ទងនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានសុខភាពសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលអនុញ្ញាតជាគោលការណ៍ ឲ្យនាំចូលស៊ុតពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាមចូលមកទីផ្សារកម្ពុជាឡើយ។

ចំពោះតម្លៃស៊ុតទាសម្រាប់យកទៅភ្ញាស់ បើប្រៀបធៀបរវាងកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ពោលគឺមានតម្លៃប្រហាក់ប្រហែលគ្នា។ ដោយឡែកស៊ុតទាធម្មតា មិនបង្កកំណើតនៅកម្ពុជាតម្លៃ២៨០រៀល ក្នុងមួយគ្រាប់ ចំណែកឯនៅប្រទេសវៀតណាម តម្លៃ៣០០រៀលក្នុងមួយគ្រាប់។

លិខិតបន្តថា ក្នុងស្ថានភាពជំងឺកូវីដ ១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំផ្សេងៗត្រូវបានផ្អាក ដែលធ្វើឲ្យតម្រូវការស៊ុត ត្រូវបានកាត់បន្ថយ ជាអតិបរិមានៅពេល ដែលការចិញ្ចឹមបក្សីយកស៊ុត មានការកើនឡើង នៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រពលរដ្ឋមួយចំនួនបែរ មកបរិភោគត្រីជំនួសឲ្យស៊ុតបក្សីវិញ។

បន្ថែមពីលើនេះ អគ្គនសយកដ្ឋានបន្តថា ក្នុងករណីអាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់-ទាយក ស៊ុត បានដឹងព័ត៌មាន ពីការលួចនាំចូលស៊ុតមាន់-ទា ពីប្រទេសជិតខាង ត្រូចទាក់ទងមក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វតាមរយៈ ទូរស័ព្ទលេខ ០១២ ៨២៨ ២០៩ ដើម្បីចុះអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វស្របតាមច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ៕

To Top