បច្ចុប្បន្នភាព
CNA បានចុះផ្សាយ សេចក្តីប្រកាសកងទ័ពជើងទឹក របស់ប្រទេសចិនថា ក្រុមនាវាដឹកយន្តហោះចម្បាំង ដែលដឹកនាំ ឲ្យនាវាដឹកយន្តហោះចម្បាំងប្រភេទ ហ្សានទុង (Shandong) របស់ប្រទេសចិន បានធ្វើដំណើរឆ្លងកាត់ចក្រសមុទ្រ របស់កោះតៃវ៉ាន់ នៅថ្ងៃចន្ទ ទី២១ ខែធ្នូនេះ ក្នុងដំណើរឆ្ពោះ ទៅកាន់សមុទ្រចិនខាងត្បូង ។
ប្រភពដដែលបានបន្តថា ដំណើរឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង របស់នាវាដឹកយន្តហោះចម្បាំងប្រភេទ ហ្សានទុង ត្រូវបានធ្វើឡើង ក្នុងបំណងចូលរួមធ្វើសមយុទ្ធយោធា នៅលើដែនទឹកក្នុងសមុទ្រចិនខាងត្បូង នៅពេលខាងមុខ ដើម្បីធានាពីអធិបតេយ្យភាព និងបូរណភាបដែនដី ប្រទេសមហាអំណាចមួយនេះ ។
ហ្សានទុង (Shandong) គឺជានាវាដឹកយន្តហោះចម្បាំងខ្នាតធំ របស់ប្រទេសចិន ដែលត្រូវបានផលិតឡើង កាលពីឆ្នាំ២០១៩កន្លងទៅ នៅក្នុងប្រទេសចិនដោយផ្ទាល់ ដែលត្រូវបានបំពាក់ ដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីៗទាន់សម័យ ដោយគ្រឿងសព្វាវុធទំនើបៗ និងត្រូវបានបំពាក់ ដោយប្រព័ន្ធការពារពិសេស ពីការវាយប្រហារពីសត្រូវ ។
បន្ទាប់ពីនាវាដឹកយន្តហោះចម្បាំង ហ្សានទុង របស់ប្រទេសចិន ដែលអមដំណើរ ដោយនាវាចម្បាំង៤គ្រឿងផ្សេងទៀត បានធ្វើដំណើរឆ្លងកាត់ដែនសមុទ្រ របស់កោះតៃវ៉ាន់ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានបង្ហាញប្រតិកម្ម និងរិះគន់យ៉ាងខ្លាំង ចំពោះដំណើរឆ្លងកាត់ របស់នាវាដឹកយន្តហោះចម្បាំង របស់ប្រទេសចិន ។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានអោយដឹងថា នាវាចម្បាំងរបស់ខ្លួនចំនួន៤គ្រឿង និងយន្តហោះចម្បាំងចំនួន៨គ្រឿង បានត្រៀមកម្លាំងការពារខ្លួន និងបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពនានា របស់ក្រុមនាវាដឹកយន្តហោះចម្បាំង ដែលដឹកនាំឲ្យនាវា ដឹកយន្តហោះចម្បាំងប្រភេទ ហ្សានទុង ដែលបានធ្វើដំណើរ ឆ្លងកាត់ចក្រសមុទ្ររបស់ខ្លួន ក្នុងបំណងទៅធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង ។
សូមបញ្ជាក់ជូនថា ការបង្ហាញសាច់ដុំខាងយោធា របស់ប្រទេសចិន ដាក់សហរដ្ឋអាមេរិក ដោយឆ្លងកាត់កោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ ត្រូវបានធ្វើឡើង ក្រោយពីមន្ទីរបញ្ចកោណ របស់សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូនេះថា នាវាចម្បាំងរបស់ខ្លួន នឹងបង្ហាញសាច់ដុំកាន់តែខ្លាំងបន្ថែមទៀត ក្នុងការឆ្លើយតប ទៅនឹងទង្វើរបស់ប្រទេសចិន ដែលបានរំលោភបំពានច្បាប់អន្តរជាតិ ដោយមហិច្ឆិតាវាតទីនិយមរបស់ចិន ។
មន្ទីរបញ្ចកោណ បានអោយដឹងថា យុទ្ធសាស្ត្រដែនសមុទ្រឆ្នាំ២០២១របស់សហរដ្ឋអាមេរិក មានផ្នែកមួយសំខាន់ទាក់ទង ទៅនឹងការបង្កើនឥទ្ធិពលយោធា ប្រឆាំងនឹងសកម្មភាព របស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង ក៏ដូចជានៅតំបន់ប៉ាស៊ីហ្វិក ខណៈដែលចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួន ទាំងខាងយោធា និងសេដ្ឋកិច្ច ។
នៅក្នុងឯកសារកំណត់គោលដៅ របស់កងទ័ពជើងទឹក ក្រសួងការពារជាតិអាមេរិក បានសង្កត់ធ្ងន់ថា ប្រទេសមួយចំនួនជាពិសេសចិន និងរុស្ស៊ី កំពុងប្រជែងគ្នាវាតទី ពង្រីកដែនឥទ្ធិពល នៅក្នុងតំបន់សំខាន់ៗ និងកំពុងព្យាយាម ធ្វើឲ្យខូចសណ្តាប់ធ្នាប់ពិភពលោក ជាពិសេសគឺនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាតំបន់គោលដៅ ។
យោងទៅតាមឯកសារដដែល បានអោយដឹងថា នាវាល្បាតរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយនៅតំបន់ប៉ាស៊ីហ្វិក តែងតែប្រឈមមុខជាមួយនាវាចម្បាំង ព្រមទាំងយន្តហោះចម្បាំងរបស់ចិន និងរុស្ស៊ីជារៀងរាល់ថ្ងៃ ដែលនេះគឺជាការគំរាមកំហែងខ្លាំងមួយ សម្រាប់សហរដ្ឋអាមេរិកនៅតំបន់នេះ ។
សម្រាប់មន្ទីរបញ្ចកោណ ប្រទេសចិនគឺជាគូប្រកួតប្រជែងតែមួយគត់របស់សហរដ្ឋអាមេរិក ដែលមានទាំងសក្តានុពលផ្នែកសេដ្ឋកិច្ច និងយោធា ដែលបែបនេះហើយ ទើបអាមេរិក បានចាត់ទុកប្រទេសចិនជាប្រទេស គំរាមកំហែងជាយុទ្ធសាស្ត្រនិងយូរអង្វែង ចំពោះខ្លួនទាំងនៅពេលបច្ចុប្បន្ន និងនៅពេលអនាគត ហើយឧប្បត្តិហេតុចុងក្រោយ រវាងកងទ័ពជើងទឹកអាមេរិក និងចិនបានកើតឡើងនៅចុងខែសីហា ដោយនាវាចម្បាំងរបស់ចិន បានបើកសំដៅកៀកខ្លាំង ដើម្បីដេញឲ្យនាវាចម្បាំងរបស់អាមេរិក នៅសមុទ្រចិនខាងត្បូង ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយ ប្រទេសមហាអំណាចពិភពលោកទាំងពីរ ប្រកួតប្រជែងឥទ្ធិពលគ្នា នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺដោយសារប្រទេសចិន បានបង្កើនឥទ្ធិពលរបស់ខ្លួនទាំងខាងសេដ្ឋកិច្ច និងយោធានៅក្នុងតំបន់ ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ ដែលធ្វើអោយប៉ះពាល់ ដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងតំបន់ ។ សហរដ្ឋអាមេរិក ព្យាយាមរក្សាឥទ្ធិពលរបស់ខ្លួន នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងបំណងធានាសន្តិសុខ ក្នុងតំបន់ជាពិសេសគឺជាធានា និងផ្តល់ភាពកក់ក្តៅដល់ប្រទេសជាដៃគូ ក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយកំណើនឥទ្ធិពលរបស់ប្រទេសចិន បានធ្វើអោយប៉ះពាល់ ដល់ការធានារបស់សហរដ្ឋអាមេរិក ។
អ្នកជំនាញផ្នែកកិច្ចការបរទេស បានលើកឡើងថា ឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានគ្រប់ដណ្តប់នៅលើពិភពលោក ជិតមួយទសវត្សរ៍កន្លងមកហើយ ដូច្នេះប្រទេសចិន ក៏អាចបង្កើនឥទ្ធិពលរបស់ខ្លួន នៅទូទាំងពិភពលោកដូចអាមេរិកដែរ ដែលយ៉ាងហោចណាស់ ក៏ចិនបង្កើនឥទ្ធិពលនៅក្នុងតំបន់ដែរ ដោយសារតែចិន ក៏ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២ នៅលើពិភពលោកដែរ ៕
អ៊ី ជិន