ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មជ្ឈមណ្ឌលភ័ ស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឲ្យមានប្រសិទ្ធភាព ទាំងតម្លៃ និងសេវាកម្ម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន ផងដែរ។
ក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឲ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួត ប្រជែងជាមួយនឹងប្រទេសក្នុង តំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម និងជាកម្លាំងចលករ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសាធារណការ ក៏បានណែនាំឲ្យក្រុមការងារចំពោះកិច្ច ដឹកនាំដោយលោក ឈៀង ពេជ្រ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម សហការជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ ក្នុងទិសដៅបញ្ចប់សេចក្ដីព្រាង កិច្ចព្រមព្រៀងនេះ និងឈានទៅរកការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះជាផ្លូវការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH តាមគម្រោងដែលបានគ្រោងទុក។
លោករដ្ឋមន្ដ្រី បានអំណរគុណចំពោះអង្គប្រជុំ ដែលបានផ្ដល់ធាតុចូលដ៏មានតម្លៃ ក្នុងបុព្វហេតុរៀបចំកិច្ចព្រមព្រៀងនេះ ឲ្យមានសង្គតភាព ស្របតាមបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ចតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន និងអនាគត៕