ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាសរុបចំនួន ២៨៨,៤៧៣ដុល្លារអាមេរិក ដល់អង្គភាពចំនួន៣នៅកម្ពុជា ក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្ដិមនុស្សជាតិ (ជំនួយគូសាណូណិ)។
សូមជម្រាបថា អង្គភាពចំនួន៣រួមមាន ៖ ទី១-គម្រោងបំពាក់ឧបករណ៍ពេទ្យ នៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ ថវិកាចំនួន៨៧,៩០០ដុល្លារអាមេរិក (អង្គភាពទទួលជំនួយ ៖ ការយាល័យស្រុកប្រតិបត្តិព្រៃកប្បាស) ,ទី២-គម្រោងបំ ពាក់ឧបករណ៍បោះពុម្ពអក្សប្រៃយ៍ នៅសាលាពិសេសនារាជធានីភ្នំពេញ និងខេត្តចំនួន៣ ថវិកាចំនួន៩៦,៧២៦ដុល្លារ អាមេរិក (អង្គភាពទទួលជំនួយ ៖ អង្គការគ្រួសារថ្មី) និងទី៣-គម្រោងតម្លើងឧបករណ៍ ធ្វើរោគវិនិច្ឆ័យការស្ដាប់ និងពង្រឹ ងសេវាព្យាបាល ទំនាក់ទំនងសម្រាប់កុមារនៅភ្នំពេញ និងខេត្តទាំង៦ ថវិកាចំនួន១០៣,៨៤៧ដុល្លារអាមេរិក (អង្គភាព ទទួលជំនួយ ៖ អង្គការសុខភាពត្រចៀកនៅកម្ពុជា)។
ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលសង្កេតឃើញថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុង មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈម មួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់ គុណភាពជីវភាពរបស់ប្រជាជន»។
ជាងនេះទៅទៀត លោកទូតក៏បានបញ្ជាក់ថា ប្រទេសជប៉ុននឹងបន្ត ចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈម ទាំងនោះ តាមរយៈក្របខ័ណ្ឌសហប្រតិបត្តិការ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ផ្សេងៗ រួមទាំងគម្រោង «ជំនួយគូសាណូណិ»៕