បរទេស៖នៅពេលថ្មីៗនេះ មន្ត្រីនានា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មានគ្រាប់រ៉ុកកែតជាច្រើនគ្រាប់ ត្រូវបានគេបាញ់ប្រហារទៅលើស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងបាដាដ ប៉ុន្តែត្រូវបានបាញ់ទម្លាក់ប្រព័ន្ធការពារដែនអាកាសប្រចាំនៅស្ថានទូតនោះ។
យោងតាមការចេញផ្សាយមួយ ធ្វើឡើដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតអាមេរិកប្រចាំក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះ បានធ្វើការបញ្ជាក់អំពីការវាយប្រហារនោះ ដោយលើកឡើងថា វាបានបង្កឲ្យមានការខូចខាតតិចតួច ចំពោះបរិវេសស្ថានទូត ប៉ុន្តែមិនមានរបាយការណ៍ពីអ្នករងគ្រោះនោះទេ។
ស្ថានទូតអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា “ដូចដែលយើងបាននិយាយជាច្រើនលើកមកហើយថា ការវាយប្រហារប្រភេទនេះទៅលើទីតាំងការទូត គឺជាការបំពានច្បាប់អន្តរជាតិ និងជាការវាយប្រហារដោយផ្ទាល់ ទៅលើអធិបតេយ្យភាពរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។ យើងអំពាវនាវឲ្យថ្នាក់ដឹកនាំនយោបាយនិងរដ្ឋាភិបាលអ៊ីរ៉ាក់ ធ្វើការចាត់វិធានការទប់ស្កាត់ការវាយប្រហារបែបនេះ និងចាប់ខ្លួនអ្នកដែលបានប្រព្រឹត្ត”៕ ប្រែសម្រួល៖ប៉ាង កុង