ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ មិនត្រូវមេីលស្រាល លេីលទ្ធភាព ចម្លងរហ័ស​ នៃវីរុសកូវីដ-១៩​

ភ្នំពេញ ៖ ខណៈខេត្តសាមុតសាខន ប្រទេសកំពុងរាតត្បាតកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានផ្ញើសារក៏ដូចជាដាស់តឿនថា មិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស​ នៃវីរុសកូវីដ-១៩​ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡេីយ ព្រោះជំងឺនេះអាចកើតឡើងគ្រប់ពេលវេលា​ ។

លោកស្រីអ្នកនាំពាក្យបានថ្លែង ក្នុងគ្រុបអ្នកព័ត៌មាននៅថ្ងៃ២១ ធ្នូថា “យេីងមិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស​ នៃវីរុសកូវីដ-១៩​ និងភាពធ្ងន់ធ្ងររបស់ជំងឺ នេះឡេីយ​ ដែលអាចកេីតមានឡេីងគ្រប់កាលៈទេសៈ គ្រប់ពេលវេលា​ និងគ្រប់ទីកន្លែង​ លេីបុគ្គលដែល មិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំ របស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល”​។ 

លោកស្រីអំពាវនាវ​ ឲ្យប្រជាពលរដ្ឋទាំងអស់​បន្តអនុវត្តន៍នូវវិធានការ​ ៣ការពារ​ ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង​ និង​វិធានការ​ ៣កុំ​ ៖​ កុំទៅកន្លែងមានមនុស្សច្រេីនកុះករ​ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល​ ប្រេីម៉ាស៊ីនត្រជាក់ច្រេីន​ និងកុំប៉ះពាល់គ្នា​ ដូចជាពេលជួបគ្នា​ កុំចាប់ដៃគ្នា​ កុំឱបគ្នា​ កុំកៀកកគ្នា​ ជាដេីម។ 

ក្នុងឱកាសឆ្នាំថ្មីសកល​ ២០២១​ លោកស្រីជូនពរពលរដ្ឋទាំងអស់មានសុខភាពល្អ​ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩​ គ្រប់ៗគ្នា។​ សូមឲ្យការភ័យ​មានតែមួយ ឆ្នាំ២០២០​ និងមានជោគជ័យឈ្នះកូវីដ-១៩​ នៅ ឆ្នាំ២០២១។  

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២១ ធ្នូ មានអ្នកឆ្លងកូវីដសរុប៣៦៣ នាក់ អ្នកឆ្លងក្នុងសហគមន៍៤១ នាក់ និងអ្នកជាសះស្បើយ ៣៤៥ នាក់៕

To Top