ព័ត៌មានជាតិ

អូស្រ្តាលី នឹងផ្តល់ថវិកាមួយផ្នែក ដល់ផែនការអភិវឌ្ឍ ថាមពលនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី បានគាំទ្រ ក្រសួងរ៉ែ និងថាមពល ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រ ថាមពលកកើតឡើងវិញ នៅកម្ពុជា ព្រមទាំង ផ្តល់ថវិកាមួយផ្នែកដល់ផែនការ អភិវឌ្ឍថាមពលរបស់ប្រទេសកម្ពុជាផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នាពេលថ្មីៗនេះ អូស្ត្រាលី និងថៃ បានធ្វើជាសហម្ចាស់ផ្ទះ រៀបចំកិច្ចពិភាក្សាគោលនយោបាយមេគង្គ-អូស្រ្តាលី លើកទី២ ស្តីពី «ថាមពល និងអគ្គិសនីនាពេលអនាគត»។

កិច្ចពិភាក្សានេះ បានផ្តោតលើរបៀបដែល បណ្តាប្រទេសនៅតំបន់មេគង្គ អាចធ្វើការជាមួយគ្នា ដើម្បីសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព គឺការធានាបាននូវលទ្ធភាព ទទួលបានថាមពល ដែលមានតំលៃសមរម្យ អាចទុកចិត្តបាន មាននិរន្តរភាព និងមានភាពទំនើប សម្រាប់មនុស្សទាំងអស់គ្នា។

ប្រភពដដែល បញ្ជាក់ថា «អូស្រ្តាលី កំពុងគាំទ្រក្រសួងរ៉ែ និងថាមពល ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រថាមពលកកើតឡើង វិញនៅកម្ពុជា និងផ្តល់ថវិកាមួយផ្នែកដល់ ផែនការអភិវឌ្ឍថាមពល របស់ប្រទេសកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយដល់ផែនការអគ្គិសនីដល់ឆ្នាំ២០៤០»។

ជាងនេះទៅទៀត អូស្រ្តាលី ក៏មានមោទនភាពក្នុងការគាំទ្រ ដល់អនាគតថាមពលកាន់តែស្អាត និងមិនប៉ះពាល់ដល់បរិស្ថាន របស់កម្ពុជា។

សូមរំលឹកថា ក្នុងកិច្ចពិភាក្សាគោលនយោបាយ មេគង្គ-អូស្រ្តាលី លើកទី២ ស្តីពី «ថាមពល និងអគ្គិសនីនាពេលអនាគត » លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានរៀបចំការប្រជុំតុមូល តាមអ៊ីនធឺណេត ។ ដោយមានការចូលរួម លោក កែវ រតនៈ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយកគ្រប់គ្រងអគ្គិសនីកម្ពុជា សហការីមកពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ស្តីពីការផ្លាស់ប្តូរថាមពលស្អាតរបស់កម្ពុជា ដោយក្រឡេកមើលអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការ បញ្ចូលថាមពលកកើតឡើងវិញ ដែលមានលក្ខណៈប្រែប្រួល (រាប់បញ្ចូលទាំងខ្យល់និងព្រះអាទិត្យ) ចូលទៅក្នុងបណ្តាញអគ្គិសនី របស់ប្រទេសកម្ពុជា ៕

To Top