ភ្នំពេញ៖ លោក អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំក ម្ពុជា បានពិនិត្យឃើញថា កម្ពុជា ជាប្រទេសគំរូដែលអាចដកស្រង់បទពិសោធន៍ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងបរិ ស្ថាន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក Ermenegildo Kupa Lopes បានបញ្ជាក់ពីទំនាក់ទំនង ដ៏ល្អរវាងប្រទេសទាំងពីរ ហើយមើលឃើញពី ការអភិវឌ្ឍជឿនលឿននៅកម្ពុជា ក្នុងនោះ មានវិស័យបរិស្ថានផងដែរ។
លោកថា «បានពិនិត្យឃើញថាកម្ពុជាគឺជា ប្រទេសដ៏គំរូមួយដែលអាច ដកស្រង់បទពិសោធន៍ ដើម្បីប្រសិទ្ធភាពនៃការ គ្រប់គ្រងបរិស្ថាន»។
ជាការឆ្លើយតបលោក សាយ សំអាល់ បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ល្អរវាងប្រទេសទាំងពីរកម្ពុជា-ទីម័រខាងកើត និងលើកទឹកចិត្តឱ្យមាន កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន សំដៅធានានូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕