ភ្នំពេញ៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា នាវេលាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់ព្យុះចំនួន ៣៥ គ្រួសារក្នុងស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីជួយសម្រាលការលំបាក ក្នុងជីវភាពរបស់ប្រជារាស្ត្រ ។ នេះបើយោងតាមហ្វេសប៊ុក Royal Du Cambodge ។
ក្នុងនោះគ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ ស្មើនឹង៥០គីឡូ, ឃីត ចំនួន១កញ្ចប់ ក្នុងនោះ មាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេស, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រ ចំនួន ១ ថវិកា ចំនួន៨០០ពាន់រៀល សម្រាប់ប្រជារាស្ត្ររងគ្រោះរលំផ្ទះចំនួន៤ខ្នង និងថវិកាចំនួន ៤០០,០០០ រៀល សម្រាប់ប្រជារាស្ត្ររងគ្រោះដោយរបើកជញ្ជាំង និងដំបូលផ្ទះចំនួន ៣១ខ្នង។