ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានអំពាវនាវសូមបងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។
ទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានហាមពលករខ្មែរចល័ត ចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ-១៩ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឱ្យដឹងថា ដើម្បីគ្រប់គ្រង និងការពារមិនឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ ទៅលើពលករបរទេសទាំងអស់ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិត និងសុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្រសួងការងារថៃ បានចេញសេចក្តីប្រកាសស្នើសុំកិច្ចសហការពីនិយោជក រោងចក្រសហគ្រាស និងក្រុមហ៊ុននានាគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ ត្រូវអនុវត្ត ដូចជា ហាមចល័តពលករបរទេស ចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ-១៩។
សេចក្តីប្រកាសបន្តថា ត្រូវមានវិធានការការពារនិងត្រួតពិនិត្យ ដូចជា វាស់កម្តៅពលករបរទេស បើមានកម្ដៅលើស ឬមានអាការៈខុសប្រក្រតី ដូចជា ក្អក ពិបាកដកដង្ហើម គួរឱ្យពលករ នោះសម្រាកពីការងារនិងប្រញាប់រួសរាន់ជូនដំណឹងដល់ទីភ្នាក់ងារសុខាភិបាលដើម្បីអនុវត្តវិធានការចត្តាឡីស័កភ្លាមៗ។ រៀបចំអាល់កុលសម្រាប់លាងដៃ នៅតាមទីកន្លែងធ្វើការ ច្រកទ្វារចេញ-ចូល និងតាមបន្ទប់ទឹក។ តម្រូវឱ្យពលករបរទេសត្រូវពាក់ម៉ាស់ ពាក់ស្រោមដៃ និងរក្សាគម្លាតពី ១-២ម៉ែត្រ ក្នុងកំឡុងពេលបំពេញការងារ ព្រមទាំងថែរក្សា និងសម្អាតឧបករណ៍ដែលប្រើ ប្រាស់ជាប្រចាំ និង ផ្សព្វផ្សាយ និងពន្យល់ណែនាំពលករបរទេសឱ្យយល់ដឹងពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩ ដោយខ្លួនឯង៕