ព័ត៌មានជាតិ

កម្ពុជា ស្នើអូស្ដ្រាលី ផ្ដល់មន្រ្ដីបច្ចេសទេស ការពារអ្នកប្រើប្រាស់ មកប្រចាំនៅកម្ពុជា

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យអូស្ដ្រាលី ផ្ដល់មន្រ្ដីបច្ចេសទេស ការពារអ្នកប្រើ ប្រាស់ (Consumer Protection) មកប្រចាំនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ ក៏បានអញ្ជើញក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្រ្ដាលីទាំងឡាយមកវិនិយោគ នៅកម្ពុជា ផងដែរ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ស្នើឲ្យភាគីអូស្ដ្រាលីផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី និងស្នើសុំឲ្យភាគីអូស្ដ្រាលីបន្ដគាំទ្រផ្ដល់អាហារូបករណ៍ ជូនកម្ពុជា»។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីពាណិជ្ជកម្ម ក៏បានលើកឡើងថា អំពីកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា Go4eCam ដែលក្រសួងពាណិជ្ជកម្មបានបង្កើតឡើងដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ផងដែរ។

ជាការឆ្លើយតប លោក Pablo Kang បានថ្លែងថា អូស្រ្ដាលីនឹងបន្ដផ្ដល់អាហារូបករណ៍ជូនកម្ពុជា ហើយក៏បានកោតសសើរកម្ពុជា ទោះបីក្នុងស្ថានភាពលំបាក់ក្នុងវិបត្តកូវីដ-១៩ ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលី បានកើនឡើងប្រមាណ ៦០%។

លោកបន្ដថា គម្រោង CAVAC ដែលភាគីអូស្រ្ដាលីបានគាំទ្រ ដែលហ្វឹកហ្វឺនកសិករខ្មែរប្រមាណ ២០០០នាក់ក្នុងវិស័យអេឡិចត្រូនិចដើម្បីលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ៕

To Top