ព័ត៌មានជាតិ

កម្ពុជា-រុស្ស៊ី ប្ដេជ្ញា ជំរុញទំនាក់ទំនង សហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈ

ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធ រុស្ស៊ី ប្រចាំកម្ពុជា បានឯកភាពគ្នា និងជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈរវាង កម្ពុជា-រុស្ស៊ី។

ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២២ ខែ២២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង នោះ រដ្ឋមន្ត្រីក្រសួងមុខងារសា ធារណៈ និងទូតសហព័ន្ធរុស្ស៊ី បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាព សហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ ក្នុងរយៈពេល៦៤ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-រុស្ស៊ី ពិសេស ចាប់ពីក្រោយពេលកម្ពុជា បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៩។

ទន្ទឹមនឹងនោះ ភាគីទាំងពីរ បានឯកភាពគ្នាខ្ពស់លើការចាប់ផ្តើម និងជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈរវាង ក្រសួងមុខងារសាធារណៈកម្ពុជា ជាមួយក្រសួង ស្ថាប័នរុស្ស៊ី រួមមាន៖ ការផ្លាស់ប្តូរប្រតិភូដើម្បីដកពិសោធន៍ ទស្សនកិច្ចសិក្សា និងការបណ្តុះបណ្តាលមន្ត្រីរាជការលើវិស័យមុខងារសា ធារណៈ ព្រមទាំង រៀបចំឲ្យមានកម្មវិធីទំនាក់ទំនងជាក់ស្តែងក្នុងការកសាង អភិវឌ្ឍន៍ធនធានមនុស្សរវាងសាលាភូមិន្ទ រដ្ឋបាលកម្ពុជា (ERA) ជាមួយនឹងបណ្ឌិត្យសភាសេដ្ឋកិច្ចជាតិ និងរដ្ឋបាលសាធារណៈរុស្ស៊ី (the Russian Presidential Academy of National Economy and Public Administration)។

ជាងនេះទៅទៀត ដើម្បីអបអរសាទរខួប៦៥ឆ្នាំ នៃចំណងការទូតរវាង កម្ពុជា-រុស្ស៊ី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងទូតសហព័ន្ធរុស្ស៊ី បានប្តេជ្ញាធ្វើសកម្មភាពសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែល្អប្រសើរថែមទៀត រវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី៕

To Top