ភ្នំពេញ៖ ត្រីផ្សោតញីដ៏ធំ ១ក្បាលមានទម្ងន់ ជាង២០០គីឡូក្រាម បានងាប់នៅក្នុងអន្លង់ផ្សោតកាំពី ជារមណីយដ្ឋាន ទេសចរណ៍ដ៏ល្បី ស្ថិតនៅភូមិ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលករណីនេះ ប្រជាពលរដ្ឋបានសំដែងនូវទឹក ចិត្តសោកស្ដាយ ព្រោះបាត់បង់ផ្សោតជាមេពូជ អាចបណ្តាលឲ្យមានការ ថមថយបរិមាណត្រីផ្សោត ទៅថ្ងៃអនាគត។ នេះបើយោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។
ក្នុងសកម្មភាពត្រួតពិនិត្យសំណាកត្រីផ្សោត ដែលបានងាប់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឲ្យដឹងថា តាមការពិនិត្យជាក់ ស្ដែង ត្រីផ្សោតដ៏ធំមួយក្បាលនេះ បានងាប់ប្រហែលជាមួយថ្ងៃមុនតែប៉ុណ្ណោះ ហើយស្ថានភាពនៃការងាប់នេះ ដោយសារសត្វផ្សោតនេះមានវ័យចំណាស់ ធ្មេញវាសឹករិចរឹល ទាំងលើ ទាំងក្រោម ពិបាកក្នុងការស៊ីចំណី និងគួបផ្សំទៅនឹងស្ថានភាពអាកាសធាតុ មានការប្រែប្រួលផង។
លោកបញ្ជាក់ថា សត្វផ្សោតញីមួយក្បាលនេះ រស់នៅក្នុងអន្លង់កាំពីលេខID.95 ដែលមានទម្ងន់ប្រមាណជាង ២០០ គីឡូក្រាម មានប្រវែង ២៤០ សង់ទីម៉ែត្រ ។ ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលជលផលខេត្ត និងបុគ្គលិកអង្គការ WWF បានធ្វើសំណាកទៅតាមបច្ចេកទេស ទាក់ទងទៅនិងការស្លាប់របស់ត្រីផ្សោតនេះ។
សូមរំលឹកថា នេះជាការស្លាប់ត្រីផ្សោតទី២ហើយ ដោយសារ កាលពីថ្ងៃទី១៥ ខែធ្នូ មានត្រីផ្សោតឈ្មោល ១ក្បាលទម្ងន់ជាង ១០០គីឡូក្រាម បានងាប់រួចមកហើយដែរ។ ហើយការងាប់នេះ ត្រូវបានប្រជាពលរដ្ឋយកទៅកប់ លាក់ក្នុងពំនូកខ្សាច់១កន្លែងក្បែរមាត់ទឹក ត្រង់ចំណុចវាលខ្សាច់ជ្រោយរ៉ៃ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-23_12-56-58-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-23_12-57-01-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-23_12-57-03-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-23_12-57-05-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-23_12-57-06-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)