Covid-19

កម្ពុជា កំពុងពិគ្រោះយោបល់ ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីកំណត់ប្រភពនៃការផ្គត់ផ្គង់វ៉ាក់សាំង ដែលទទួលស្គាល់ពី WHO

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា មានប្រទេសមួយចំនួនរួមទាំងកម្ពុជា បាននិងកំពុងគិតគួរពិចារណា ពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីកំណត់ប្រភពនៃ ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ពីសំណាក់ក្រុមហ៊ុន ផលិតវ៉ាក់សាំងទាំង ដែលទទួលស្គាល់ពី អង្គការសុខភាពពិភពលោក (WHO) អំពីសុវត្ថិភាព គុណភាព និងប្រសិទ្ធភា ព។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី «សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្ដគ្រប់គ្រ ងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ជុំទី៧» ដែលចេញផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ការអភិវឌ្ឍវ៉ាក់សាំងមានវឌ្ឍនភាពជាវិជ្ជមាន ហើយប្រទេសមួយចំនួនបាននិងកំពុងចរចា និងសម្រេចធ្វើការបញ្ជាទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនរបស់ខ្លួន ខណៈដែលប្រទេសមួយចំនួន ទៀត រួមទាំងកម្ពុជាផងនោះ បាននិងកំពុងគិតគួរពិចារណា ពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា និងកំណត់ប្រ ភពនៃការផ្គត់ផ្គង់វ៉ាក់សាំងពីសំណាក់ ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួលស្គាល់ពី អង្គការសុខ ភាពពិភពលោក (WHO) អំពីសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពនៃ ការប្រើប្រាស់វ៉ាក់សាំងទាំងនោះ»។

រាជរដ្ឋាភិបាល បានបន្ដថា ជាមួយនឹងភាពមិនទាន់ច្បាស់លាស់១០០% នៃសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពនៃវ៉ាក់ សាំងដែលផលិតដោយក្រុមហ៊ុនផ្សេងៗពីគ្នា លទ្ធភាពនៃការផលិតវ៉ាក់សាំង ការដឹកជញ្ជូន និងទុកដាក់វ៉ាក់សាំងនៅ មានកម្រិត ពិភពលោកទាំងមូលនៅតែប្រឈម នឹងហានិភ័យខ្ពស់នៅឡើយ។ ម្យ៉ាងវិញទៀត ទោះបីជាមានវាក់សាំង បង្ការក៏ដោយ ក៏មិនមែនមានន័យថា ទាំងអស់គ្នាអាចវិលត្រលប់ទៅ ប្រក្រតីភាពវិញក្នុងរយៈពេលដ៏ខ្លីបានឡើយ។

រាជរដ្ឋាភិបាល បានបន្ថែមថា ជាក់ស្តែង ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីជ-១៩ មកដល់ពេលនេះ កម្ពុជាបាន គ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ទោះបីជាមានព្រឹត្តិការណ៍ថ្ងៃទី ៣ ខែ វិច្ឆិកា និង ព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដែលជាការឆ្លងចូលដល់កម្រិតសហគមន៍ជាលើកទី ១ នាពេលថ្មីៗ នេះក៏ដោយ ។ ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាលើកដំបូងនេះ បានបណ្តាលឲ្យប្រជាជនមានក្តី ព្រួយបារម្ភ ក៏ដូចជាភាពភ័យខ្លាចចំពោះ មេរោគដ៏កាចសាហាវនេះយ៉ាងខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់ ចេញនូវវិធានការមុតស្រួចជាបន្តបន្ទាប់ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលានៃការរីករាលដាលនៃជំងឺនេះ និង ព្យាយាមកុំឲ្យជំងឺនេះរាតត្បាតចូលក្នុងសហគមន៍ដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងបាន ។ជាលទ្ធផល, គិតមកដល់ពេលនេះ កម្ពុជាគ្មានករណីស្លាប់ ឬឈានដល់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រមទាំងមិន មានការបិទជាតំបន់ ឬប្រទេសទាំងមូល នោះឡើយ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងថា បន្ទាប់ពីបានពិនិត្យ ថ្លឹងថ្លែង និងផ្លាស់ប្តូរយោបល់លើ ស្ថានភាពសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទាំងក្នុងក្របខណ្ឌសកលលោក តំបន់ និងក្នុងស្រុក រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី៧ ក្នុងគោលបំណង៖

ទី១-បន្តដាក់ចេញ និងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្មខណៈដែលកម្ពុជា កំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

និងទី២-បន្តជួយទំនុកបម្រុងដល់ ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីឆ្លងកាត់ ដំណាក់កាលដ៏លំបាកបំផុត នៃវិបត្តិជំងឺកូវីដ១៩ ៕

To Top