ភ្នំពេញ៖ រដ្ឋសភាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើស សមាជិកសភាចំនួន ២រូបជំនួសសមាជិក ដែលបានលាលែងពីតួនាទី។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹង នៅក្រោយកិច្ចប្រជុំគណ:កម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភានៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សា គណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភា ដោយកំណត់យកថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ដើម្បបើកសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតប្រកាសសុពលភាព សមាជិកសភាថ្មីចំនួន២រូប។
លោកបន្ថែមថា របៀបវារៈកិច្ចប្រជុំអចិន្ត្រៃយ៍មាន៖
១-ការពិនិត្យ និងសម្រេចអំពីសុពលភាពនៃអាណត្តិ៖ លោក លី ស៊ុត្រី ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវ ជំនួសលោក សុខ សូកានដែលបានសុំលាលែង ។ លោក សៅ សារ៉ាត់ ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកស្រី បាន ស្រីមុំ ដែលបានសុំលាលែង។
(យោងលិខិតលេខ ០២៧ ប្រជាជនកម្ពុជា) /១២២០/លគ .គក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សប្រជាជនកម្ពុជា)
២.ការពិនិត្យសំណើសុំជ្រើសតាំង ៖លោកខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍។លោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ (យោងលិខិតលេខ ០២៧ /១២២០/លគ .គក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សប្រជាជនកម្ពុជា)
លោកក៏បានលើកឡើងថា កិច្ចប្រជុំអចិន្ត្រៃយ៍នេះកិច្ចប្រជុំលើក ចុងក្រោយសម្រាប់ឆ្នាំ២០២០៕
ដោយ៖ ស.សំណាង