ព័ត៌មានជាតិ

ទូតខ្មែរប្រចាំកូរ៉េ ៖ ក្រុមប្រឆាំង យកករណីស្លាប់ ពលការិនីខ្មែរម្នាក់ ចុះផ្សាយ គឺគ្មានមូលដ្ឋាន និងកេងចំណេញ ខាងនយោបាយ

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតរកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានធ្វើការបកស្រាយ ចំពោះករណីពលការិនីខ្មែរម្នាក់ស្លាប់ ក្រោយពីក្រុមប្រឆាំង យកទៅចុះផ្សាយ គ្មានមូលដ្ឋានត្រឹមត្រូវ ព្រមទាំង កេងចំណេញខាងនយោបាយ ពីមរណភាពពលការិនី ។ ស្ថានទូត ធ្វើការថ្កោលទោស និងចាត់ទុកជាអំពើ អគុណធម៌ និងអមនុស្សធម៌ ចំពោះប្រជាជាតិខ្លួនឯង។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០កន្លងមក ស្ថានទូតបានទទួលព័ត៌មានផ្លូវការ ពីប៉ូលីសកូរ៉េ អំពីការ ស្លាប់ពលការិនី ផ្នែកកសិកម្មឈ្មោះ នួន សុខខេង កើតថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩០ ដែលកាន់លិខិតឆ្លងដែនលេខ N002 បានទទួលមរណភាព នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង ៤៖៣០នាទីរសៀល ស្ថិតនៅតំបន់ផូឆន់ ។

ក្នុងករណីនេះ ស្ថានទូតកម្ពុជា សង្កេតឃើញ ការចុះផ្សាយព័ត៌មានមួយចំនួន ក្នុងបណ្ដាញសង្គម និងក្នុងបណ្ដាញផ្សព្វផ្សាយក្នុងស្រុក នៅសាធារណរដ្ឋកូរ៉េ អំពីការស្លាប់ របស់ពលការិនីខាងលើ ដែលបានលើក ហេតុផលផ្សេងៗគ្នា ដែលផ្ទុយពីការពិត និងមានក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួនតូច បាន វាយប្រហារមកលើស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន ភស្ដុតាងត្រឹមត្រូវ ដែលជាចេតនាកេងចំណេញ នយោបាយពីការស្លាប់នេះ។

យោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា «បន្ទាប់ពីបានទទួលរបាយការណ៍ផ្លូវការ អំពីការធ្វើកោសល្យវិច្ច័យសាក សពដែលផ្ដល់ដោយប៉ូលីសកូរ៉េ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ គឺពលការិនីឈ្មោះ នួន សុខខេង បានស្លាប់បណ្ដាលមកពី មានជំងឺក្រិនថ្លើមផ្ទាល់ខ្លួន ជាបញ្ហាចម្បង»។

យោងទៅតាមនីតិវិធីរបស់ប៉ូលីស ជាមួយនឹងកិច្ចអន្ដរាគមន៍ និងតាមដានរបស់ស្ថានទូត ការធ្វើកោសល្យវិច្ច័យនេះ នឹងត្រូវបញ្ជូនទៅតុលាការ និងរដ្ឋអាជ្ញា ធ្វើការស៉ើបអង្កេតមើលបន្តទៀត ដើម្បីឲ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រឹត្យភាព។ ទន្ទឹមនេះ ស្ថានទូតកម្ពុជា បានទទួលការសូមទោសពីបណ្ដាញផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកកូរ៉េមួយចំនួន និងបានកែតម្រូវអំពីមូលហេតុនៃការស្លាប់របស់ពលការិនីខាងលើឡើងវិញ ក្រោយពីពួកគេទទួលបានដំណឹងពីប៉ូលីសកូរ៉េដូចគ្នា។

លើសពីនេះ ស្ថានទូតកម្ពុជា តែងតែជួយ សម្របសម្រួលឯកសារ ចាត់ចែងតាមនីតិវិធីក្នុងការរៀបចំពិធីបូជាសព និងសហការជាមួយការិយាល័យមេធាវី ក្រុមអ្នកច្បាប់ ក្នុងការប្ដឹងទាមទារគ្រប់ករណីទាំងអស់ ដើម្បីរកយុត្តិធម៌ឲ្យមានតម្លាភាព ជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាការពារផលប្រយោជន៍របស់ ពលរដ្ឋខ្មែរទាំងអស់។

ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានបញ្ជាក់ទៀតថា «ជាអកុសល ក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែប្រឆាំង និងមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មួយចំនួនតូច បានវាយប្រហារមកកាន់មន្ត្រីស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន និងឆ្លៀតកេងចំណេញនយោបាយ ពីមរណភាពពលការិនីខាងលើ។ អំពើនេះ ស្ថានទូតកម្ពុជា បានធ្វើការថ្កោលទោស និងចាត់ទុកជាអំពើ អគុណធម៌ និងអមនុស្សធម៌ចំពោះប្រជាជាតិខ្លួនឯងណាស់»។

លើសពីនេះ ពួកគេបានចោទប្រកាន់ និងមិនផ្ដល់សច្ចៈធម៌ទៅដល់មន្ត្រីស្ថានទូតកម្ពុជា នៅសាធារណរដ្ឋកូរ៉េ អំពីការជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរ និងការចូលរួមនយោបាយផងដែរ។ ករណីនេះ ស្ថានទូតកម្ពុជា បានបញ្ជាក់ថា ក្រៅពីម៉ោងរដ្ឋបាល និងអគាររដ្ឋបាល មន្ត្រីស្ថានទូត ក៏ដូចជាពលរដ្ឋកម្ពុជាទូទៅ គឺមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ដូចមានចែងក្នុង មាត្រា៣៥ ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជ្រាបជាព័ត៌មាន និងជឿទុកចិត្តលើស្ថានទូតកម្ពុជា ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ ហើយកុំជឿលើ ការបំផ្លើស និងញុះញង់ របស់ក្រុមឧទ្ទាមមួយចំនួនតូច ដែលមាននិន្នាការប្រឆាំង ជាហេតុ បណ្ដាលឲ្យខាតបង់ឧត្ដមប្រយោជន៍ជាតិ ប្រជាជន និងទំនាក់ទំនងល្អជាមួយភាគីកូរ៉េ៕

To Top