ព័ត៌មានជាតិ

ពលករ ខ្មែរម្នាក់ ឆ្លងជំងឺកូវីដ-១៩ ក្នុងទឹកដីថៃ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល កម្ពុជា បានឲ្យដឹងថា មានពលករខ្មែរម្នាក់ ឆ្លងជំងឺកូវីដ-១៩ នៅក្នុងទឹកដីប្រទេស ថៃ។

ពលករខ្មែរម្នាក់នោះ ស្ថិតក្នុងក្រុមពលករ ដែលធ្វើដំណើរពីខេត្តឈុនបូរី ទៅកាន់ទីក្រុងបាងកក ហើយត្រូវបានថៃរកឃើញឆ្លងជំងឺកូវីដ-១៩ ។

លោកស្រី ឱ វណ្ណឌីន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងគ្រុបតេឡេក្រាម កាលពីថ្ងៃ ទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ថា «អ្វីដែលខ្ញុំទទួលបានព័ត៌មាន គឺពលករទាំងនេះ គាត់បានចេញពីឈុនបូរី មកបាងកក ទេ នៅក្នុងពេលថ្មីៗនេះ ហើយត្រូវបានអាជ្ញាធរថៃរកឃេីញមានកូវីដ-១៩ ម្នាក់»។

លោកស្រីបន្ដថា «ដូច្នេះមិនមែនគាត់មានកូវីដ-១៩ ពីកម្ពុជា រួចហើយបានចូលប្រទេសថៃនោះទេ ។ បើតាមព័ត៌មានដែលបានផ្តល់មក គឺពួកគាត់បានចេញទៅថៃ តាំងពីមុនមានហេតុការណ៍ផ្ទុះឡើង នូវការរកឃើញវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន» ៕

To Top