ភ្នំពេញ៖ លោក ប៉ាក ហឺងឃ្យង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានថ្លែងថា បើទោះបីឆ្នាំ២០២០នេះ មានការផ្ទុះជំងឺកូវីដ-១៩ ក៏ដោយ កូរ៉េនៅតែបន្តទទួលយកពលករកម្ពុជាមកធ្វើការដដែល។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក Park Heung-Kyeong បានឲ្យដឹងថា អ្នកទេសចរកូរ៉េមកទស្សនាកម្ពុជា ជាង៤សែននាក់ ជារៀងរាល់ ឆ្នាំ។
លោកបញ្ជាក់ថា «ចំណែកឯ ពលករកម្ពុជាទៅធ្វើការ នៅសាធារណៈរដ្ឋកូរ៉េ មានចំនួន៤ម៉ឺននាក់ ហើយបើទោះបីជាឆ្នាំនេះ មានការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏សាធារណៈរដ្ឋកូរ៉េ នៅតែបន្តទទួលយកពលករកម្ពុជាមក ធ្វើការនៅសាធារណៈកូរ៉េដដែល»។
ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ សម្តេច សាយ ឈុំ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិ ការទ្វេរភាគី និងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងតំបន់មេគង្គ។
ជាងនេះទៅទៀត សម្ដេចក៏បានថ្លែងអំណរគុណរដ្ឋាភិបាលកូរ៉េ ដែលបានយកចិត្តទុកដាក់ចំពោះពលករកម្ពុជា ដែលប ច្ចុប្បន្នកំពុងបំពេញការងារនៅកូរ៉េ។សម្ដេចថា ពលករនៅកូរ៉េ បានរួមចំណែកដ៏សំខាន់ ដល់ការលើកកម្ពស់ជីវភាពរស់ នៅរបស់ក្រុមគ្រួសាររបស់ពួកគេ និងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាផងដែរ។
ឆ្លៀតឱកាសនោះដែរ ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឯកអគ្គរដ្ឋទូតកូរ៉េ ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរកូរ៉េមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឲ្យកាន់ តែច្រើនបន្ថែមទៀតនៅកម្ពុជា៕
ដោយ៖ អេង ប៊ូឆេង