ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភកញ្ចុះអង្គុយលេង និងប្រពន្ធ័អនាមយ័លាងដៃ ការពារ បង្ការជំងឺកូវីដ១៩ ដល់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖លោក ឧកញ៉ា ទៀ វិចិត្រ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថម្ភកញ្ចុះអង្គុយលេងធ្វើពីគ្រោងដែក ក្រាលឥដ្ឋការ៉ូប្រកហ្វីប្រូស៊ីម៉ង់ត៍២កន្លែង និង ប្រពន្ធ័អនាមយ័ លាងដៃ ការពារ បង្ការជំងឺកូវីដ១៩ ដល់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ ។ ក្នុងនោះតាមរយៈមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ រដ្ឋបាលខេត្តក៍បានចេញលិខិតថ្លែងអំណរគុណមួយច្បាប់ ចុះហត្ថលេខាដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជូនលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលឧបត្ថម្ភថវិកាចំនួន ៦ ០០០ ដុល្លាអាមេរិក សម្រាប់ការសាងសង់នេះផងដែរ។

សូមបញ្ជាក់ថា សាលារៀនហ៊ុន សែនឃ្លាំងលើក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ មានថ្នាក់រៀនចំរុះ ចាប់តាំងពីថ្នាក់មតេយ្យ, បឋមសិក្សា, រហូតដល់ថ្នាក់មធ្យមសិក្សាទុតិយៈភូមិ មានសិស្សានុសិស្សជាង៣០០០នាក់, មានលោកគ្រូ អ្នកគ្រូជាង៨០នាក់ ហើយបច្ចុប្បន្នសិស្សានុសិស្សគ្រប់កម្រិត បានចូលរៀនក្នុងអាគារថ្មី ដែលឧបត្ថម្ភដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន។

នៅចុងខែធ្នូ២០២០នេះ ស្របពេលដែលសិស្សានុសិស្សមកដាក់ពាក្យចូលរៀន លោកគ្រូ អ្នកគ្រូ បានមកសម្អាតអនាមយ័ រៀបចំប្រពន្ធ័ការពារ បង្ការជំងឺកូវីដ១៩ និងកិច្ចការទូទៅក្នុងសាលា មុនពេលសិស្សានុសិស្សចូលរៀន បវេសនកាលថ្មី ដែលគ្រោងបើកនៅថ្ងៃ១១មករា២០២១ ៕

To Top