បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុន បានចុះផ្សាយនៅថ្ងៃសុក្រ ទី២៥ ខែធ្នូនេះថា ប្រធានាធិបតីជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាក់កំហុសលើប្រទេសអ៊ីរ៉ង់ ចំពោះការវាយប្រហារ ដោយគ្រាប់រ៉ូកែតប្រមាណ២១គ្រាប់ លើស្ថានទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់ ។
លោក ត្រាំ បានសរសេរព្រមានតាមប្រព័ន្ធ Twitter របស់លោកថា ប្រសិនបើជនជាតិអាមេរិកណាម្នាក់បាត់បង់ជីវិត លោកនឹងឆ្លើយតប ទៅលើប្រទេសអ៊ីរ៉ង់វិញជាបន្ទាន់ និងអោយបានសមស្របបំផុត ប៉ុន្តែការវាយប្រហារដោយគ្រាប់រ៉ូកែត ចូលស្ថានទូតអាមេរិក កាលពីថ្ងៃអាទិត្យនោះ មិនមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ ។
ការទម្លាក់កំហុសលើអ៊ីរ៉ង់ពីលោក ត្រាំ ត្រូវបានធ្វើឡើង ក្រោយពីទីបញ្ជាការកណ្តាលខាងយោធា របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បានទទួលរងការវាយប្រហារ ដោយគ្រាប់រ៉ូកែតមួយចំនួន ក្នុងចំណោមគ្រាប់រ៉ូកែតសរុប ចំនួន២១គ្រាប់ ដែលជនមិនស្គាល់អត្តសញ្ញាណ បានបាញ់ចូលទីធ្លាក់ស្ថានទូតអាមេរិក កាលពីថ្ងៃអាទិត្យមុន ។
សូមបញ្ជាក់ជូនថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតី របស់សហរដ្ឋអមេរិក កាលពីឆ្នាំ២០១៧ និងបានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ រួមទាំងបានដាក់ទណ្ឌកមុ្មគ្រប់យ៉ាង លើប្រទេសអ៊ីរ៉ង់ ។
នៅឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានប្រឈមមុខដាក់គ្នាដល់ទៅ៣លើក ដែលស្ទើរតែផ្ទុះចេញជាសង្គ្រាមកាប់សម្លាប់គ្នា រវាងប្រទេសទាំងពីរទៅហើយ ប៉ុន្តែទាំងភាគីអាមេរិក និងអ៊ីរ៉ង់ អាចអត់ធ្មត់បាន ដោយមានតែភាពតានតឹង និងការព្រមានគ្នា ទៅវិញទៅមកប៉ុណ្ណោះ ។
ការប្រឈមមុខដាក់គ្នា ខាងយោធារវាងអាមេរិក និងអ៊ីរ៉ង់លើកទី១ បានកើតឡើងកាលពី ខែមករា ដើមឆ្នាំ២០២០នេះ ក្រោយពីកងទ័ពអាមេរិក បានប្រើប្រាស់យានដ្រូន បាញ់គ្រាប់មីស៊ីល សម្លាប់មេបញ្ជាការកងទ័ព របស់ប្រទេសអ៊ីរ៉ង់ លោក កាហ្សេម សូឡេម៉ានី (Qasem Soleimani) នៅប្រទេសអ៊ីរ៉ាក់ ។
ការប្រឈមមុខដាក់គ្នាលើកទី២ បានកើតឡើងកាលពីខែវិច្ឆិកា ដោយប្រធានាធិបតី ជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ មន្ត្រីមន្ទីរបញ្ចកោណ និងមន្ត្រីយោធាសំខាន់ៗផ្សេងទៀត ក្នុងការរៀបចំគម្រោងវាយប្រហារ លើទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ។
ការប្រឈមមុខដាក់គ្នាលើកទី៣ បានកើតឡើងនៅដើមខែធ្នូនេះ ក្រោយពីមន្ត្រី ទទួលបន្ទុកកម្មវិធីនុយក្លេអ៊ែរ និងជាអ្នកជំនាញផ្នែកនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ លោក ម៉ូសេន ហ្វាគ្រីហ្សាដេះ (Mohsen Fakhrizadeh) ត្រូវបានវាយប្រហារភេរវកម្មសម្លាប់ នៅក្បែរទីក្រុង តេអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលអ៊ីរ៉ង់បានចោទប្រកាន់ថា ជាស្នាដៃរបស់ក្រុមចារកម្មប្រទេសអ៊ីស្រាអែល ដែលសហរដ្ឋអាមេរិក បានជួលអោយសម្លាប់ ។
អ្នកជំនាញផ្នែកនយោបាយ នៅតំបន់មជ្ឈិមបូព៌ា បានលើកឡើងថា សហរដ្ឋអាមេរិក បានឈ្លានពានចូលប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣កន្លងទៅ គឺអាមេរិកមានបំណង យកប្រទេសអ៊ីរ៉ាក់ជាទីតាំងគាបសង្កត់ ផ្នែកយោធាលើប្រទេសអ៊ីរ៉ង់ ដោយសារអ៊ីរ៉ាក់ ជាប្រទេសមានព្រំដែន ជាប់ជាមួយប្រទេសអ៊ីរ៉ង់ ។
រហូតមកដល់ពេលនេះ គឺរយៈពេលជិត២ទសវត្សរ៍ហើយ បំណងរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ មិនបានជោគជ័យទេ ដោយសារបច្ចុប្បន្ននេះ អាមេរិកមិនអាចយកអ៊ីរ៉ាក់ ជាឈ្នាន់ទៅជាន់លើអ៊ីរ៉ង់បានទេ ដោយសារអ៊ីរ៉ង់ បានដាក់បញ្ចូលកម្លាំងរបស់ខ្លួនទាំងខាងស៊ីវិល និងទាំងខាងយោធា ចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ដែរ ។
អ្នកជំនាញដដែលបានបន្តថា សហរដ្ឋអាមេរិកខាតបង់ច្រើនណាស់ នៅប្រទេសអ៊ីរ៉ាក់ គឺខាតទាំងថវិកា ទាំងខាងអាយុជីវិតយោធា និងទាំងខាងគ្រឿងយុទ្ធោបករណ៍ ក្នុងរយៈពេលជិត២០ឆ្នាំ ហើយនៅទីបំផុត អ៊ីរ៉ង់នៅតែមានឥទ្ធិពល លើប្រទេសអ៊ីរ៉ាក់ ហើយប្រជាពលរដ្ឋរបស់ប្រទេសអ៊ីរ៉ាក់ បែរជាស្អប់ខ្ពើមសហរដ្ឋអាមេរិកកាន់តែខ្លាំង រហូតដល់ធ្វើបាតុកម្ម បណ្តេញកងទ័ពអាមេរិក ចេញពីទឹកដីរបស់ខ្លួនទៅទៀត ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ មានភាពតានតឹងជាមួយគ្នាមិនឈប់ឈរ គឺដោយសារអ៊ីរ៉ង់ ជាប្រទេសមហាអំណាចមួយដែរ នៅតំបន់មជ្ឈិមបូព៌ា និងមានមហិច្ឆិតា ចង់បង្កើនឥទ្ធិពលទាងខាងយោធា និងសេដ្ឋកិច្ចក្នុងតំបន់នេះ ដែលធ្វើអោយប៉ះពាល់ ដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះដែរ ។
នៅតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក មានប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ី សាអ៊ូឌីត រួមទាំងប្រទេសមួយចំនួនទៀតជាសម្ព័ន្ធមិត្ត ហើយអាមេរិក បានលក់គ្រឿងសព្វាវុធទំនើបៗ យ៉ាងច្រើនសម្បើម អោយប្រទេសទាំង២នេះ ក្នុងបំណងគ្របដណ្តប់ ឥទ្ធិពលយោធាលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែនៅតែមិនអាច បង្ក្រាបអ៊ីរ៉ង់បានដូចបំណង ។
ចំណែកប្រទេសអ៊ីរ៉ង់ មានមហិច្ឆិតាផលិតអាវុធមហាប្រល័យ ដើម្បីទប់ទល់ជាមួយនឹងឥទ្ធិពល របស់សហរដ្ឋអាមេរិកផង និងដើម្បីពង្រីកឥទ្ធិពលក្នុងតំបន់ផង ដែលមូលហេតុនេះហើយ ទើបប្រទេសទាំងពីរ តែងតែមានភាពតានតឹងជាមួយគ្នាមិនឈប់ និងមិនអាចមើលមុខគ្នាចំបានទេ ៕
អ៊ី ជិន