ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវខិតខំរួមគ្នា និងជួបគ្នាទៅវិញទៅមក ដើម្បីបញ្ចប់សន្ធិសញ្ញាវិនិយោគទ្វេភាគី។
ប្តេជ្ញាលើកកម្ពស់ការបើកចំហកម្រិតខ្ពស់ ប្រទេសចិន នឹងអនុវត្តការចរចាជាមួយសហភាពអ៊ឺរ៉ុប ក្នុងគោលបំណងលើកស្ទួយផលប្រយោជន៍សន្តិសុខ និងការអភិវឌ្ឍន៍ ក៏ដូចជាក្នុងល្បឿនរបស់ខ្លួន ហើយធ្វើការដើម្បីឈានដល់សន្ធិសញ្ញាវិនិយោគ ដែលទូលំទូលាយមួយ មានតុល្យភាពខ្ពស់។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងការឆ្លើយតបតាមអ៊ិនធឺណិត ដើម្បីឆ្លើយសំណួរទាក់ទងនឹងវឌ្ឍនភាពរបស់ភាគីទាំងពីរក្នុងការចរចា។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា សន្ធិសញ្ញានេះមានគោលបំណងផ្តល់នូវឱកាស និងការធានាពីស្ថាប័ន សម្រាប់ការវិនិយោគទ្វេភាគី។
អ្នកនាំពាក្យបានបន្ដថា ការឈានដល់សន្ធិសញ្ញានេះមិនត្រឹមតែជួយដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាន់តែស៊ីជម្រៅរវាងប្រទេសចិន និងសហភាពអ៊ឺរ៉ុប ដែលជាប្រទេសមានសេដ្ឋកិច្ចធំៗ ពីរលើពិភពលោកប៉ុណ្ណោះទេប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរ ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕