ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំដល់ អភិបាលរាជធានី-ខេត្តពីការដំឡើងឋានន្តរស័ក្តិថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្ររបស់មន្ត្រីរាជការស៊ីវិល ដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលកន្លងមក សម្រាប់ឆ្នាំ ២០២១ខាងមុខនេះ។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបាន ពិនិត្យឃើញរដ្ឋបាលរាជធានី ខេត្តនីមួយៗ បានខិតខំយកចិត្តទុកដាក់ និងចូលរួមសហការ ក្នុងដំណើរការរៀបចំការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជាផលប្រយោជន៍ដល់មន្ត្រីរាជការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តកំណត់។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ សម្រាប់ឆ្នាំ២០២១ខាងមុខ ក្រសួងមុខងារសាធារណៈ បានស្នើឲ្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពន្លឿនការដំឡើង ឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំតាមវេនអតីតភាព តាមវេនជ្រើសរើស និងតាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានទាន់ពេលវេលា និងជាផលប្រយោជន៍ដល់មន្ត្រីរាជការ ម្នាក់ៗដែលបានខិតខំបំពេញការងារពិតប្រាកដ និងមានអតីតភាពការងារអប្បបរមា ២ឆ្នាំ គិតមកដល់ថ្ងៃទី១៣ ខែមេសា នៃឆ្នាំនីមួយៗ។
ដើម្បីធានាឲ្យការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០២១ខាងមុខ ដំណើរការរៀបចំបានទាន់ពេលវេលា និងអនុវត្តស្របតាមគោលការណ៍បែបបទ និងនីតិវិធីកំណត់ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដូចខាងក្រោម៖
ទី១-ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្ររបស់មន្ត្រីរាជការស៊ីវិល ដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលកន្លងមក រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ត្រូវពិនិត្យ និង សម្រេចដាក់ចេញដីកាស្តីពីការដំឡើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួនស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលច្បាប់ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំពាក់ព័ន្ធខាងលើ បានកំណត់។
និងទី២-ចំពោះការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ដែលត្រូវបាន តែងតាំងឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន គណៈអភិបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ នាយករដ្ឋបាលសាលារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងស្មៀនឃុំ សង្កាត់ រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវដំណើរការរៀបចំស្របតាមសេចក្តីណែនាំស្តីពីការដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ដូចមានចុះក្នុងយោងខាងលើ៕