ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា ច្រានចោលទាំងស្រុង នូវការចុះផ្សាយ មិនត្រឹមត្រូវរបស់សារព័ត៌មាន វៀតណាមឈ្មោះ VN Express International ចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំណងជេីងថា បុរសម្នាក់ចូលវៀតណាម ខុសច្បាប់ពីកម្ពុជា តេស្តវិជ្ជមានកូរ៉ូណាថ្មី។
តាមរយៈគ្រុបតេឡេក្រាម ព័ត៌មាន នៅថ្ងៃ២៧ ធ្នូ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កម្ពុជា បកស្រាយថា
តាមការឆែក នៅគ្រប់ច្រកចូល ពីថៃដែលកម្ពុជា កំពុងតែគ្រប់គ្រង ពលករខ្មែរ និងអ្នកដំណេីរចូលកម្ពុជា ដោយហ្មត់ចត់ នៅតាមបណ្តាខេត្ត ដែលមានច្រកតាមព្រំដែនថៃ គឺមិនមានបុរសជនជាតិ វៀតណាម ឈ្មោះនេះ ដែលឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៣ និង២៤ ខែធ្នូ រួមទាំងច្រកបាវិត នៅខេត្តស្វាយរៀងផងដែរ ក៏មិនមានករណីបុរស ជនជាតិវៀតណាម នេះឆ្លងចេញ ពីកម្ពុជាដែរ។
អ្នកនាំពាក្យបន្ថែមថា បុរសជនជាតិវៀតណាមរូបនេះ មានឪពុកម្តាយ នៅខេត្តវិញឡុង ដែលពួកគាត់ រួមជាមួយប៉ូលីសម្នាក់ និងបុគ្គលិក សុខាភិបាល ៤នាក់ ទៀត ត្រូវបានដាក់ឲ្យធ្វេីចត្តាឡីស័ក នៅមជ្ឈមណ្ឌលវេជ្ជសាស្ត ស្រុកម៉ាងធីត។
ជាមួយគ្នានេះ នៅក្នុងអត្ថបទ ក៏បានបញ្ជាក់រួច ហេីយថា បុរសឈ្មោះ Le Thuc Tri អាយុ ៣២ឆ្នាំ ដែលតេស្តវិជ្ជមានដោយវិទ្យាស្ថាន ប៉ាស្ទ័រទីក្រុងហូជីមិញ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាល វៀតណាមថា មានវីរុសកូវីដ-១៩ នោះទេ។
បុរសជនជាតិ វៀតណាមរូបនេះ បានធ្វេីដំណេីរពីភូមា មកថៃនៅថ្ងៃទី១៥ ខែធ្នូ ហេីយស្នាក់នៅថៃ រហូតដល់ថ្ងៃទី២២។ បន្ទាប់មកក៏រួមដំណេីរ ជាមួយបុគ្គល៦នាក់ផ្សេងទៀត ជិះឡានដឹកទំនិញមកកម្ពុជា នៅថ្ងៃទី២៣ ហេីយបានឆ្លងកាត់ ច្រកព្រំដែនចូលខេត្តតៃនិញ នៅថ្ងៃទី២៤ និងបន្តទៅទីក្រុងហូជីមិញ តាមរថយន្តក្រុង ទៅផ្ទះម្តាយនៅទីនោះ ដែលម្តាយគាត់ រាយការណ៍ទៅអាជ្ញាធរ និងដាក់បុរសនេះ ធ្វេីចត្តាឡីស័ក នៅថ្ងៃទី២៤។
លោកស្រី អ្នកនាំពាក្យបញ្ជាក់ថា “ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ខាងលេី ដែលថាបុរស ជនជាតិវៀតណាម ឆ្លងចូលវៀតណាម ខុសច្បាប់ពីកម្ពុជា មានវីរុសកូរ៉ូណាថ្មី នោះ គឺមិនត្រឹមត្រូវឡេីយ ហេីយក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវព័ត៌មានចុះផ្សាយមិនត្រឹមត្រូវ របស់សារព័ត៌មាន វៀតណាមឈ្មោះ”។
ក្រសួង ស្នេីសុំឲ្យភាគីវៀតណាម គោរពក្រមសីលធ៌មវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ និងឲ្យមានការសហការគ្នា ល្អក្នុងការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ មុននឹងមាន ការចុះផ្សាយជាសាធារណៈ ដេីម្បីរក្សានូវសេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការល្អ និងមានភាពត្រឹមត្រូវតាមបច្ចេកទេស សុខាភិបាល៕