ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មខ្មែរ ស្នើជប៉ុន ពិនិត្យលើគម្រោងកែច្នៃ ផលិតផលកសិកម្ម

ភ្នំពេញ៖ ខណៈការកែច្នៃផលិតផលកសិកកម្មកម្ពុជា មិនទាន់គ្រប់គ្រាន់នៅឡើយ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន បានស្នើទៅភាគីជប៉ុនឲ្យជួយពិនិត្យ ពិចារណាលើគម្រោងទាក់ទង ការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកឲ្យអស់លទ្ធភាព សម្រាប់បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការស្នើនេះក្នុងឱកាសលោក វេង សាខុន ជួបលោកស្រី KAMEI Haruko ប្រធានថ្មីរបស់អង្គការ JICA ប្រចាំកម្ពុជានៅថ្ងៃ២៨ ធ្នូ។

ចំពោះសំណើររបស់លោករដ្ឋមន្រ្តី ភាគីជប៉ុនថា នឹងយកទៅពិភាក្សា ជាមួយឯកអគ្គរាជទូតជប៉ុន។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីបន្តថា រាល់គម្រោង ឬកម្មវិធីដែលឧបត្ថម្ភដោយ JICA បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព បង្កើនបរិមាណផលិត ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស ៕

To Top