ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បន្តកិច្ចប្រជុំពិភាក្សា និងអនុម័ត លើរបៀបវារៈ​​ ដែលបានគ្រោងទុក នាព្រឹកនេះ

ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សា​ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល​ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងការដឹកនាំកិច្ចប្រជុំ លើកទី៤ អាណត្តិទី១ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ជាប់ភាគទាន និងបញ្ហាផ្សេង។

លោកបណ្ឌិតរដ្ឋមន្រ្តី បានស្នើដល់សមាជិក​ ក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តពិភាក្សាឱ្យបាន គ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឱ្យច្បាប់ស្តីពី របបសន្តិសុខសង្គមនេះ កាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណា ឲ្យការអនុវត្តតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃបំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាបាន នូវសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។

គួររំលឹកថា កន្លងមក ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានបើកកិច្ចប្រជុំពិភាក្សា របស់ខ្លួនចំនួន ៣លើករួចមកហើយ ដែលក្នុងនោះ បានសម្រេច និងអនុម័តទៅលើ៖

  • អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃបេឡាជាតិសន្តិសុខសង្គម
    និងបទបញ្ជាផ្ទៃក្នុង របស់បេឡាជាតិសន្តិសុខសង្គម
  • សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធី នៃការប្រជុំ របស់ក្រុមប្រឹក្សាភិបាល
    នៃបេឡាជាតិ សន្តិសុខសង្គម
  • អនុក្រឹត្យស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំង
    ឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ ដោយរួមបញ្ចូលទាំង
    បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ
  • សេចក្តីសម្រេច ស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិ សន្តិសុខសង្គម

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក នៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃទីស្នាក់ការកណ្តាលបេឡាជាតិ សន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញ ចូលរួមពីសំណាក់សមាជិក នៃក្រុមប្រឹក្សាភិបាលចំនួន១០ រូប ៕

To Top