ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង គាំទ្រនិងលើកទឹកចិត្ត ដល់វិស័យឯកជន ក្នុងការវិនិយោគ អចលនទ្រព្យដីធ្លី ក្នុងខេត្តដែលមាន សន្ទុះកើនឡើងខ្លាំង

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ទាំងអស់ក្នុងខេត្តស្វាយរៀង ក្នុងការវិនិយោគវិស័យ អចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុន ទាំងអស់ មកបណ្តាក់ទុនរកស៊ី នៅខេត្តស្វាយរៀង ហើយខេត្តក៏មានទីតាំងដី អំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ។

ការថ្លែងប្រកាសគាំទ្រ របស់លោកអភិបាល ខេត្តស្វាយរៀង បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមសម្ភោធបើកការដ្ឋាន សាងសង់គម្រោងលំនៅដ្ឋាន រំដួលវ៉ៃគោ ស្ថិតនៅក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០ ។ ក្នុងនោះក៏មានការចូលរួមពីលោក អភិបាលរងខេត្ត និងលោកលោកស្រីជាប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ ដែលមកចូលស្វែងយល់អំពីគំរោង លំនៅដ្ឋាននេះជាច្រើននាក់ផងដែរ។

មន្ត្រីសាលាខេត្តស្វាយរៀង បានឲ្យដឹងថា លោកអភិបាលខេត្តតែងតែជំរុញ និងសហការក្នុងការផ្តល់ទំនុកចិត្ត ចំពោះការអភិវឌ្ឍ ហើយរាល់ការវិនិយោគវិស័យឯកជន ពិតជាបានរួមចំណែកនូវគោល នយោបាយកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលបានមួយកម្រិត ដូចជា បានផ្តល់នូវលំនៅឋាន មានតំលៃសមរម្យ ដីលំនៅឋានសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ ។

មន្ត្រីដដែលបញ្ជាក់ថា តាមរយៈ ក្រសួង រៀបចំ ដែនដី និង ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កំពុង សហការគ្នា ក្នុងការ រៀបចំ គោលនយោបាយ លើកទឹកចិត្ត វិស័យ ឯកជន ដែល បាន វិនិយោគ លំនៅដ្ឋាន ដែលមាន តំលៃ ទាប និង តំលៃ មធ្យម ទាំងនេះ ជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅ របស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ពៅ សុធារិន តំណាងគម្រោង វិនិយោគលំនៅដ្ឋាន រំដួលវ៉ៃគោ បានឲ្យដឹងថាខេត្តស្វាយរៀង ស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ នឹងប្រទេសវៀតណាម ដែលមានច្រកទ្វារ អន្តរជាតិបាវិត ស្ថិតនៅចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួមខេត្ត ខេត្តស្វាយរៀង ហើយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ទេសចរណ៍ ទំនិញ ចេញចូលរវាងប្រទេសទាំងពីរ គឺកម្ពុជា និងវៀតណាម ជាពិសេសគឺក្រុងភ្នំពេញ និងជាក្រុងហូជីមិញ ។ ហើយរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ច ពិសេសជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀង មួយនេះមានការរីកចម្រើនយ៉ាងលឿន ដែលធ្វើឲ្យកំណើនប្រជាជនកើនឡើង យ៉ាងឆាប់រហ័សដែលមាន ទាំងចំណូលថ្មីនិងការធ្វើចំណាក ស្រុកមានអត្រាថយចុះគួរឲ្យកត់សម្គាល់។

លោកបានបន្ថែមថា វិស័យវិនិយោគអចនទ្រព្យមានសន្ទុះកើន ឡើងទាំងដីធ្លី សម្រាប់សាងសង់គម្រោងផ្សេងៗ ការអភិវឌ្ឍលំនៅឋាន និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធជាដើម ។ ហើយគម្រោងលំនៅ ដ្ឋានរំដួលវ៉ៃគោ មានទីតាំងស្ថិត នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ប្រសិនបើយើងធ្វើដំណើរពីខាងលិច តាមបណ្ដោយផ្លូវជាតិលេខមួយមកដល់វិទ្យាល័យហ៊ុនសែនចេក បត់ស្ដាំចម្ងាយ ៥០០ម៉ែត្រ ដល់ទីតាំងគម្រោង ដែលមានចម្ងាយ ១.៥គីឡូម៉ែត្រពីទីរួមខេត្តនិងចម្ងាយប្រមាណ ៣.៧គីឡូ ពីផ្សារវាយន្ត ខេត្តស្វាយរៀងនិងមានចម្ងាយ ២គីឡូម៉ែត្រពីសាកលវិទ្យាល័យស្វាយរៀង។

លោកបានបញ្ជាក់ថា ទិសដៅវិនិយោគរបស់ក្រុមហ៊ុន គឺផ្ដល់ជូនមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនអាជីវករ បងប្អូនប្រជាជន ក្នុងខេត្តនូវលំនៅឋានដែលមានតម្លៃសមរម្យ ព្រមទាំងផ្ដល់ការរស់នៅបែបសហគមន៍សម័យថ្មី លើកកម្ពស់សោភ័ណភាពទីក្រុង ផ្ដល់ឱកាសចំណេញលើសក្តានុពល នៃគម្រោងនិងចូលរួមអភិវឌ្ឍន៍ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានរំដួលវ៉ៃគោ ត្រូវបានគិតគូរយ៉ាង លម្អិតហ្មត់ចត់ អំពីតម្រូវការ របស់ប្រជាជន ឲ្យស្របតាមសក្កានុពល នៃខេត្តស្វាយរៀង ហើយហេដ្ឋារចនាសម្ព័ន្ធ សំណង់សោភ័ណភាព បរិយាកាស និងសុវត្ថិភាពជាអ្វី ដែលយើងយកចិត្តទុកដាក់ផ្ដល់ ជូនអតិថិជនរបស់យើង ។ ភាពសម្បូរបែបក្នុងគម្រោង នឹងធ្វើឲ្យការរស់ នៅមានភាព ប្រាស្រ័យទាក់ទងគ្នាល្អនិង ប្រកបដោយសុភមង្គល ការអភិវឌ្ឍដែលមានគម្រោងច្បាស់លាស់ ប្រាកដប្រជានិងផ្ដល់អត្ថប្រយោជន៍ ជាច្រើនលើសពីការរំពឹង ទុករបស់អតិថិជន ។ ហើយគម្រោងជាប័ណ្ណកម្មសិទ្ធិ កាន់កាប់មិនជាប់ពាក់ព័ន្ធនិងធនាគារ ជាគម្រោងអភិវឌ្ឍន៍ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងគម្រោងមានផ្លូវទោល និងផ្លូវភ្លោះក្រៅបេតុងអម ដោយសួនច្បារមានកន្លែងហាត់ប្រាណ សួនលំហែកាយនិងប្រកបដោយដើមឈើបៃតង ជាទីសហគមន៍សម័យថ្មីប្រកប ដោយផាសុខភាពផងដែរ៕

To Top