ព័ត៌មានជាតិ

សត្វស្វាកាចៗមួយចំនួន នៅប្រាសាទបាយ័ន នឹងត្រូវយកចេញទៅព្រលែង ក្នុងព្រៃក្រៅឧទ្យានអង្គរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សត្វស្វាកាចៗមួយចំនួន នៅប្រាសាទបាយ័ន នឹងត្រូវយកចេញទៅព្រលែ ងក្នុងព្រៃក្រៅឧទ្យានអង្គរ ព្រោះសត្វស្វាយមួយចំនួន បានខាំងភ្ញៀវទេសចរ ជាដើម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ហ្វូងសត្វស្វាកាចៗមួយចំនួន ដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។

តាមរយៈនេះសត្វស្វាទាំងនោះ បានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដា ព័ត៌មានផ្សេងៗទៀតផង។ប្រការនេះចាំបាច់ត្រូវយកចេញ ដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័ក មុននឹងព្រលែងចូលព្រៃធម្មជាតិ ផ្សេងទៀតក្រៅពីឧទ្យានអង្គរ។ តាមគម្រោង ការងារនេះនឹងចាប់ផ្តើមពី រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាប្រាសាទបាយ័ន។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ប្រាប់ថា លោកមិនទាន់ដឹងពីចំនួនពិតប្រាកដ នៃចំនួនសត្វស្វាដែលត្រូវនាំចេញនៅឡើយទេ។ លោកបន្ថែមថា ការងារនេះមានកិច្ចសហការ ជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពីតំបន់អង្គរ មានសុវត្ថិភាពខ្ពស់ ៕

To Top