ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ ដោះស្រាយបញ្ហាផ្សារផ្អាវ បានដោយជោគជ័យ

កំពង់ចាម ៖ បញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ ដែលបានកើតឡើងជាហូរហែនាពេលកន្លងមក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ ដោះស្រាយបានដោយជោគជ័យ ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា បញ្ហាមួយចំនួនដែលបានកើតឡើងនៅផ្សារផ្អាវ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដែលនៅសេសសល់ រវាងអាជីវក១ គ្រួសារ ដែលមានទីលំនៅជាប់ផ្លូវកែងសម្ដេចតេជោហ៊ុន សែន ដែលមិនព្រមឯកភាពលើការសាងសង់ប៉ុស្តិប្រចាំការ២៤/២៤ម៉ោងរបស់សមត្តកិច្ចស្រុកបាធាយ ឥឡូវបញ្ហានោះក្រោមដំណោះស្រាយរបស់លោកអភិបាលខេត្ត បានធ្វើឱ្យកញ្ញា ហេង វួចនា ដែលជាអាជីវករនៅផ្ទះកែងផ្លូវនោះ យល់ព្រមទទួលយកដោយក្តីរីករាយ ។

ប្រភពដដែលឱ្យដឹងទៀតថា កន្លងមកនាងមិនបានព្រមធ្វើការសប្បទាន ឬសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការសាងសង់ប៉ុស្តិ៍ប្រចាំការខាងលើឡើយ ប៉ុន្តែក្រោយពេលមានកិច្ចប្រជុំដោះស្រាយខាងលើ នាងបានយល់ព្រមសប្បទាន និងធ្វើការសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការសាងសង់ប៉ុស្តិ៍ប្រចាំការ២៤/២៤ម៉ោង ដោយក្រុមការងារសម្រេចយកថ្ងៃ៣០ ខែធ្នូ ២០២០ ជាថ្ងៃចាប់ផ្តើមអនុវត្តន៍នៃការសាងសង់តែម្តង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងនូវអំណរគុណដល់ក្រុមការងារ និងកញ្ញា ហេង វួចនា ដែលបានព្រមព្រៀងចាប់ដៃធ្វើការសហការគ្នា ដើម្បីសំដៅធ្វើយ៉ាងណាឲ្យតំបន់ប្រជុំជនផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបាននូវស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អ និងផាសុខភាព ដើម្បី ភាពសុខសាន្តរបស់អាជីវក ក៏ដូចជាពលរដ្ឋយើងទាំងអស់គ្នា ៕

To Top