Covid-19

សម្ដេចតេជោ៖ មានមន្ដ្រីទូតខ្មែរ នៅក្រៅប្រទេស ៤រូប ឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា មានមន្ដ្រីស្ថានទូតខ្មែរ ធ្វើការងារនៅក្រៅប្រទេស ចំនួន៤រូបបានឆ្លងជំងឺកូវីដ-១៩ ។

ប៉ុន្តែទោះបីជាយ៉ាងណាសម្ដេច ក៏មិនបានបញ្ជាក់ឈ្មោះមន្ដ្រីទូតទាំងនោះ និងថានៅប្រទេសណាមួយឡើយ។

ក្នុងពិធីថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំគ្រាន់តែលើកឡើងមិនបញ្ចេញឈ្មោះ មន្ដ្រីទូតរបស់កម្ពុជា នៅក្រៅប្រទេស នៅប្រទេសអឺរ៉ុបកើតឆ្លងកូវីដ-១៩ ចំនួន៤នាក់ គេឲ្យព្យាបាលនៅផ្ទះ គេមិនឲ្យព្យាបាលនៅមន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យពោរពេញដោយអ្នកជំងឺធ្ងន់»។

សម្ដេចតេជោ បន្ដថា ដោយឡែកអ្នកកើតជំងឺកូវីដ-១៩ នៅកម្ពុជាវិញ ត្រូវទៅចូលទៅព្យាបាលនៅមន្ទីរពេទ្យ ហើយដោយឡែក អ្នកប៉ះពាល់ដោយប្រយោល ត្រូវចូលរួមធ្វើចត្តាឡីស័កទាំងអស់ ៕

To Top