ភ្នំពេញ ៖ ក្រោមចលនាសង្គមរាស្រ្តនិយម ដែលមាន ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានបន្សល់ទុកទុនបម្រុងអន្តរជាតិជាមាសចំនួន ១២តោន ៤០០គីឡូ ជាកេរមរតកតម្កល់ទុកនៅប្រទេសស្វីស នៅក្នុងសម័យសង្គមរាស្រ្តនិយម។
នេះបើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសថ្លែងសារបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ដែលផេកហ្វេសប៊ុកព្រះមហាក្សត្រយកមកផ្សាយ។
បើតាមហ្វេសប៊ុកព្រះមហាក្សត្របន្តថា កម្ពុជា ចាប់តាំងពីទទួលបានឋានៈជាប្រទេសឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក ក្រោមព្រះរាជបូនីយកិច្ច នៃសម្តេចព្រះ នរោត្តម សីហនុ និងដែលបានបង្កើតឡើងនូវចលនាសង្គមរាស្ត្រនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ និងក្លាយជារដ្ឋដ៏ជឿនលឿនមួយនៅក្នុងតំបន់ ព្រមទាំងទទួលបានការកោតសរសើរលើឆាកអន្តរជាតិ ៕