ភ្នំពេញ ៖ តាំងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាល ជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេស សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអបអរសាទរជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសមិទ្ធផលតំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាងពីរពាន់ឆ្នាំ នៃដែនដីសុវណ្ណភូមិរបស់កម្ពុជា ។ នេះបើតាមហ្វេសប៊ុក សម្តេច ស ខេង។
សម្តេច ស ខេង ថ្លែងថា ដូចដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ហើយថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាឈានឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ។
ដំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្ត្រនេះ ធ្វើឲ្យកម្ពុជាមានក្តីសង្ឃឹមថានឹងក្លាយជាធនធានដ៏មានតម្លៃដើម្បីបម្រើដល់ការអភិវឌ្ឍ ការកសាងជាតិ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
នៅព្រឹកថ្ងៃទី២៩ ធ្នូ នេះ សម្ដេចតេជោ បានប្រកាសពីការរកឃើញនូវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលនឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា គាប់ជួនជាមួយថ្ងៃខួបលើក ទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)៕