ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងស្វាមី បណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ព្រមទាំងក្រុមគ្រួសារទាំងអស់អបអរសាទរចំពោះសមិទ្ធផលថ្មី ក្រោមកណ្តាប់ដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺតំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ។
បន្ថែមពីលើនេះលោកស្រីក៏លើកពីការជោគជ័យបន្ថែមទៀតលេីការទប់ស្កាត់ និងគ្រប់គ្រងបានទាន់ពេលវេលានូវ “ព្រឹត្តិការណ៍សហគមន៌ ២៨វិច្ឆិកា” ដែលបានបិទបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ជាថ្ងៃដែលកម្ពុជារំលឹកនូវខួបលេីកទី២២នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ។
លោកស្រីសមិទ្ធផល និងជោគជ័យផ្ទួនៗគ្នានេះ ពិតជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃេីញនូវសមត្ថភាពពេញលេញ និងភាពឈ្លៀសវៃ ប្រកបដោយភាពអច្ឆរិយៈដ៏អស្ចារ្យ ពោរពេញដោយសក្តានុពល និងមានតេជបារមីគ្រប់គ្រងដឹកនាំនាវាកម្ពុជា មានសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៌ប្រទេសជាតិ ប្រកបដោយភាពល្បីរន្ទឺលេីសាកលលោក។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ធ្នូ នេះ សម្ដេចតេជោ បានរៀបចំសន្និសីទស្តីពីការបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហើយសម្តេចក៏បានប្រកាសពីការរកឃើញនូវតំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលនឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា គាប់ជួនជាមួយថ្ងៃខួបលើក ទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។
ចំពោះក្រសួងរ៉ែវិញលើកឡើងដែរថា តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យរបស់ជាតិកម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋទូទាំងប្រទេសបាន ទន្ទឹមរង់ចាំជាច្រើនជំនាន់មកហើយ៕