ព័ត៌មានជាតិ

ក្រុមអ្នកតវ៉ា ពាក់ព័ន្ធការចាប់សត្វស្វា ចេញពីបរិវេណប្រាសាទបាយ័ន ជាអ្នកកេងចំណេញ រូបភាពសត្វស្វាតាម youtube

ភ្នំពេញ ៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមអ្នកដែលតវ៉ាពាក់ព័ន្ធការចាប់សត្វ ស្វាចេញពីបរិវេណប្រាសាទបាយ័ន ជាក្រុម រកលុយតាម Youtube ដោយកេងប្រវ័ញ្ចរូបភាពសត្វស្វា តាមរយៈការឲ្យចំណី ហើយថតជាវីដេអូបង្ហោះ។ យោងតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

ការចាប់ស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន ដើម្បីយកទៅព្រលែង នៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀស គ្រោះថ្នាក់ជាយថាហេតុណាមួយ ដល់ភ្ញៀវទេសចរ ព្រោះស្វាទាំងនោះ ធ្លាប់បានបង្ករ បួសស្នាមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់។

លោក ឡុង កុសល បានបញ្ជាក់ថា «នៅថ្ងៃនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តដំណើរការ ចាប់ស្វាកាចៗទាំងនោះជាធម្មតា ប៉ុន្តែមានក្រុមមនុស្សមួយចំនួនតូច បានមកតវ៉ាហើយក្រុមនេះ បានធ្វើការផ្សព្វផ្សាយបំផ្លើសថា ស្វាទាំងនោះបានស្លាប់ជាដើម ដែលតាមការពិត គ្រាន់តែត្រូវថ្នាំសន្លប់ ដើម្បីងាយស្រួលក្នុងការចាប់នោះទេ។

ដោយឡែកមនុស្សមួយក្រុមតូចនេះ ត្រូវបានដឹងថា ជាក្រុមដែលរកលុយតាមYoutube ដែលកេងប្រវ័ញ្ចរូបភាពនៃសត្វស្វា តាមរយៈការឱ្យចំណី ហើយថតជាវីដេអូបង្ហោះ ក្នុងបណ្តាញYoutube ដែលការធ្វើបែបនេះ បណ្តាលឱ្យសត្វស្វាទាំងនោះស៊ាំទៅនឹងមនុស្ស ហើយប្រែក្លាយពីសត្វព្រៃ មកជាសត្វចិញ្ចឹម»។

លោកបន្ដថា ម្យ៉ាងទៀត ស្វាទាំងនោះបានចាប់ផ្តើមស្វែងរកចំណី នៅក្នុងតំបន់ប្រាសាទ ហើយពេលខ្លះ មានសត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ និងបង្កររបួសដល់ភ្ញៀវទេសចរដោយ ផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្ករហានិភ័យ ដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាត នូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។

លោកថា ដើម្បីថែរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាអភិរក្សប្រាសាទ និងការពារសុវត្ថិភាពអ្នកទេសចរ ទើបអាជ្ញាធរជាតិអប្សរា សម្រេចត្រូវតែចាប់យកចេញ ដើម្បីបញ្ជៀសបញ្ហាផ្សេងៗ នាពេលអនាគត។

ដោយឡែក លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ប្រាប់ឲ្យដឹងថា លោកមិនទាន់ដឹងពីចំនួនពិតប្រាកដ នៃចំនួនសត្វស្វា ដែលត្រូវចាប់ចេញនៅឡើយទេ។ លោកបន្ថែមថា ការងារនេះមានកិច្ចសហការ ជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញ ពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់ ដោយក្នុងនោះស្វាទាំងនេះ នឹងត្រូវធ្វើចត្តាឡីស័កផងដែរ មុនពេលព្រលែង ទៅរស់នៅក្នុងព្រៃធម្មជាតិក្រៅបរវេណ រមណីយដ្ឋានអង្គរ៕

To Top