ព័ត៌មានជាតិ

លោក ស៊ី ជីនភីង ​ថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២១ តាមរយៈ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍សន៍ មជ្ឈិមចិន ​និនិងបណ្តាញអ៊ីនធឺណេត

ជំរាបសួរ​លោក លោកស្រី​និងមិត្ត​គ្រប់រូប​ ៖
       ជំហាននៃ​ឆ្នាំ ២០២១ កាន់តែខិតជិត​មកដល់ហើយ ​ខ្ញុំសូម​ជូន​ពរ​ឆ្នាំថ្មី​ ឆ្នាំសកល​ដ៏ល្អបវរ​ដល់​​អស់លោកអ្នក​ពីទីក្រុងប៉េកាំង ​!
      ឆ្នាំ ២០២០ ជា​ឆ្នាំ​មិន​ធម្មតា​ក្រៃលែង។​​ ពេលប្រឈម​មុខ​នឹង​សភាពការណ៍​រីក​រាល​ដាល​​នៃ​ជំងឺកូវីដ១៩​ ដែល​ស្រាប់តែ​ផ្ទុះឡើង​ ​យើង​បាន​បកស្រាយ​​នូវ​សេចក្តី​​ស្រឡាញ់​ដ៏មហិមា​របស់មនុស្ស​ ដោយការតម្កល់ទុក​ប្រជាជន​ជា​ចម្បង ​និង​អាយុជីវិត​​ជា​ចម្បង  ​បាន​​កត់ត្រា​ប្រវត្តិសាស្ត្រ​​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ ដោយ​ការរួមសាមគ្គីគ្នា​និងការ​តស៊ូ​ប្រឹងប្រែង​ដោយ​ម៉ឺងម៉ាត់​មិន​ងាករេ។ ​ក្នុង​អំឡុងពេល​ដែល​រួមគ្នា​ពុះពារ​ក្តី​លំបាក​និង​ឧបសគ្គ​​​ ​បាន​លេចចេញ​នូវ​រឿង​រ៉ាវ​​ជាច្រើន​   ដូចជា​ភាពអង់អាច​ដែល​ដើរ​បញ្ច្រាស​ទិស ​ដើម្បី​​ប្រយុទ្ធ​ផ្ទាល់នៅជួរមុខ​ ការឈរជើង​នៅជួរមុខ​ដោយ​អង់អាច​ក្លាហាន​ ទំនួល​ខុសត្រូវ​ដែល​រួមសុខ​រួមទុក្ខ​ ការពលី​ប្រកបដោយវីរភាព​  និងការជួយ​​គ្នា​ទៅវិញទៅមក។ ​ទាំង​​បុគ្គលិក​វេជ្ជសាស្ត្រ ​និងកងកម្លាំង​យោធា ទាំង​បុគ្គលិក​ស្រាវជ្រាវ​ផ្នែក​បច្ចេកទេស និង​​អ្នក​បម្រើ​ការងារ​ក្នុង​សហគមន៍ ទាំង​អ្នកស្ម័គ្រចិត្ត​ និងកម្មករ​សំណង់ ​ទាំង​មនុស្សចាស់​និង​យុវវ័យ​និងជនរួមជាតិ​​ច្រើន​លើសលុប​ បាន​សកម្ម​បំពេញ​កាត្តព្វកិច្ច​ការពារ​អាយុជីវិត​ប្រជាជន​ដោយ​ក្តីស្រឡាញ់ ​ ដែលបាន​ប្រមូលផ្តុំ​ជា​កម្លាំងកាយចិត្ត​ដ៏មហិមា បង្កើត​បានជា​​កំពែង​ដែកថែប​សម្រាប់​គាំពារ​អាយុជីវិត​មនុស្ស​គ្រប់រូប​។  មនុស្សម្នាក់ៗ​ដែលធ្វើ​ការ​​តស៊ូ​មិនរា​ថយ​ ការបណ្តាក់​វេន​គ្នា​បំពេញ​ការងារ​ម្តង​ហើយ​ម្តងទៀត​​ និង​ទិដ្ឋភាព​​គួរឱ្យ​រំភើប​ចិត្ត​មួយ​លើក​ហើយ​មួយលើកទៀត​​​  បាន​បង្ហាញ​​យ៉ាង​រស់រវើក​ នូវស្មារតី​ដ៏​អស្ចារ្យ ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​។  ​រឿងរ៉ាវ​អស្ចារ្យ​កើតចេញពី​រឿងរ៉ាវ​ធម្មតា​ វីរជន​កើតចេញ​ពីចំណោម​ប្រជាជន​។ មនុស្សគ្រប់គ្នា​សុទ្ធតែជា​មនុស្ស​ដ៏អស្ចារ្យ​ណាស់​! ខ្ញុំសូមសម្តែង​ការសួរសុខទុក្ខ​ចំពោះ​អ្នកឆ្លងជំងឺ​កូវីដ១៩​គ្រប់រូប​ និងសូម​សម្តែង​គារវកិច្ច​ចំពោះវីរជន​ដ៏សាមញ្ញគ្រប់រូប!​​ ​ខ្ញុំមាន​មោទនភាព​ចំពោះ​មាតុប្រទេស​និងប្រជាជន​ដ៏មហិមា​របស់យើង​​​ និងមាន​មោទនភាព​ចំពោះ​ស្មារតី​ប្រជាជាតិ​ ដែលខិតខំតស៊ូ​យ៉ាងស្វិតស្វាញ!
     គ្រាលំបាក​ទើបបង្ហាញពី​ភាពអង់អាចក្លាហាន ​ ការខិតខំតស៊ូ​ទើបអាច​សម្រេច​បាន​នូវ​ជោគជ័យ​។ ​យើងបាន​ពុះពារ​ផលប៉ះពាល់​ពីស្ថានការណ៍​ជំងឺឆ្លង​ ហើយ​ទទួលបាន​សមិទ្ធផល​ដ៏ធំធេង​ក្នុង​ការបង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង​ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។​ផែនការ​អភិវឌ្ឍ ៥ ឆ្នាំ​ទី ​១៣ ​បានបញ្ចប់​ដោយ​គាប់ប្រសើរ​​ ផែនការ​អភិវឌ្ឍ ៥ ឆ្នាំទី ១៤ ​បាន​​ចាប់ផ្តើម​ជាផ្លូវវការ។  ​និម្មាបនកម្ម​អភិវឌ្ឍ​ថ្មី​ត្រូវបាន​ពន្លឿន​ការកសាង​ ​ការអភិវឌ្ឍប្រកប​​ដោយ​គុណភាព​ខ្ពស់​ត្រូវបាន​អនុវត្ត​យ៉ាងស៊ីជម្រៅ​។ ប្រទេសចិន​បាន​សម្រេច​កំណើន​ជាវិជ្ជមាន​មុនគេបង្អស់​ក្នុងចំណោម​អង្គភាព​សេដ្ឋកិច្ច​សំខាន់ៗ​លើពិភពលោក ​តាមការប៉ាន់​ប្រមាណ​ ផលិតផល​ក្នុងស្រុកសរុបប្រចាំឆ្នាំ​២០២០នឹង​ឡើងដល់​កម្រិតថ្មីដែលត្រូវជា​ ១០០ ​ទ្រីលាន​យាន់ប្រាក់ចិន។​ ស្បៀងអាហារ​ទទួលបាន​ទិន្នផល​ល្អ​ ១៧ ​ឆ្នាំជាប់ៗ​។ ការសិក្សា​ខាង​វិទ្យាសាស្រ្ត​ដូចជា​យាន​អវកាស ​Tianwen-1 ​​​  ​យានអវកាស​ Chang`e-5 ​ ​និង​នាវា​មុជទឹក​ ​Fendouzhe​ ជាដើម​​ សុទ្ធតែ​ទទួល​បាន​សមិទ្ធផល​យ៉ាង​សំខាន់​។ ការកសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃណាន​បាននិងកំពុង​ដំណើរការ​យ៉ាង​រលូន​។​ យើងក៏បាន​ទប់ទល់​នឹង​គ្រោះទឹកជំនន់​ដ៏ធ្ងន់ធ្ងរ ​កងទ័ព​និងប្រជាជន​មិនខ្លាច​ការលំបាក​វេទនា ​ បាន​​​​រួមចិត្ត​រួមថ្លើមទប់ទល់នឹង​គ្រោះមហន្តរាយ​ ហើយបាន​ខិតខំ​កាត់បន្ថយ​ការខូចខាត​ឱ្យដល់​កម្រិត​ទាប​បំផុត​។ ពេលចុះត្រួត​ពិនិត្យ​ការងារ​នៅ​ខេត្ត-​ភូមិភាគស្វយ័ត​-​ទីក្រុងចំនួន​ ១៣  ​ខ្ញុំមានក្តី​សោមនស្ស​រីករាយដោយ​បាន​ឃើញ​ថា  ​អ្នកទាំងអស់​​បាន​យកចិត្តទុកដាក់​​ក្នុង​ការអនុវត្ត​វិធានការ​បង្ការជំងឺឆ្លង​​​ ​និងខិតខំ​ស្តារ​ផលិតកម្ម​ឡើងវិញ​ដោយ​ពេញ​ទំហឹង​និងធ្វើ​ការច្នៃប្រឌិតថ្មី។ ​នៅទូទាំង​ប្រទេសចិន​​​ពោរពេញ​ទៅ​ដោយ​​ជំនឿចិត្ត  ​​ភាពស្វិតស្វាញ​ ​​ដែល​បង្កើត​បាន​ជា​ទិដ្ឋភាព​ដ៏រស់រវើក ​នៃការខិតខំ​តស៊ូ​ឥត​ស្រាកស្រាន ។

ឆ្នាំ ២០២០ ​ការកសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារបង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ទទួលបាន​​សមិទ្ធផលជា​ប្រវត្តិសាស្ត្រ​ ​និង​ទទួលបាន​ជោគជ័យ​ក្នុង​យុទ្ធនាការ​ពុះពារ​​ឧបសគ្គ​នៃការលុប​បំបាត់ភាពក្រីក្រ​​។ ​យើង​បាន​​ប្រមូលផ្តុំ​កម្លាំង​ ដើម្បីលុប​បំបាត់ភាព​ក្រីក្របំផុត ដោយ​បាន​ដោះស្រាយ​នូវ​បញ្ហា​ស្មុគស្មាញ​បំផុត​។ បន្ទាប់ពី​ការតស៊ូ​អស់រយៈពេល៨ឆ្នាំ​​ បានធ្វើឱ្យ​ប្រជាជន​ក្រីក្រ​នៅជនបទ​ជិត​ ១០០ ​លាននាក់​នៃស្រុកក្រីក្រ​ចំនួន​ ​ ៨៣២ ​ដែលស្ថិតនៅ​ក្រោម​ស្តង់ដារ​ខ្សែបន្ទាត់​ក្រីក្រ​បច្ចុប្បន្ន​បាន​ចេញផុតពី​ភាពក្រីក្រ​ទាំង​ស្រុង​។ ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ខ្ញុំបានទៅ​ត្រួតពិនិត្យ​នៅតំបន់​ក្រីក្រ​បំផុត​ចំនួន ​១៤ ​នៅ​ទូទាំង​ប្រទេស​ ទិដ្ឋភាពនៃ​ស្មារតី​ខិតខំ​តស៊ូ​របស់អ្នកស្រុក​ និងការខិតខំ​បំពេញ​ការងារ​យ៉ាង​ពេញ​ទំហឹង​របស់មន្ត្រី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដ៏ច្រើនកុះករ ​តែងតែ​ដិតជាប់​នៅក្នុង​ចិត្ត​របស់​ខ្ញុំ។​​ យើង​ត្រូវបន្ត​ប្រកាន់ខ្ជាប់​នូវ​គោលដៅ​ដំបូងបង្អស់​ ​ខិតខំតស៊ូ​យ៉ាង​ប្រាកដ​ប្រជា​ ដើម្បី​អភិវឌ្ឍ​ជនបទ ​និងដើរឆ្ពោះ​ទៅរក​គោលដៅ​មានជីវភាព​ធូរធារ​ទាំងអស់គ្នា។​
      ឆ្នាំនេះ ​ប្រទេសចិន​បានអបអរសាទ​យ៉ាង​អធិកអធម​នូវខួបទី ៤០ ឆ្នាំ​នៃការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សិនចឹន ​និងខួបទី​ ៣០ ឆ្នាំ​នៃការអភិវឌ្ឍ​និង​បើក​ទូលាយ​តំបន់​ភូតុង​ ក្រុងសៀងហៃ​។ ពេលឈរនៅ​ឆ្នេរសមុទ្រ​នៃសមុទ្រចិន​ខាងត្បូង​​​ ​និង​នៅ​ច្រាំង​ទន្លេហួងភូ ​ដែល​មាន​ទេសភាព​ស្រស់ត្រកាល​ ពិតជា​ធ្វើឱ្យ​ខ្ញុំ​មានចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​។ ​ការសាកល្បង​មុនគេ​បានទៅជា​គំរូនៃ​ការនាំមុខ ​ការរុករក​ដោយ​ច្នៃប្រឌិតថ្មី​បានទៅជា​ការ​នាំមុខ​ដោយ​ច្នៃប្រឌិតថ្មី​។ ​កំណែទម្រង់​និងការបើកទូលាយ​បាន​បង្កើត​អច្ឆរិយនៃ​ការអភិវឌ្ឍ​តទៅថ្ងៃ​មុខ​ ​ប្រទេសចិន​នឹងធ្វើ​ឱ្យស៊ីជម្រៅ​នូវកំណែទម្រង់​ និងពង្រីក​ការបើកទូលាយ​ថែមទៀត​។
      សច្ចធម៌​នឹង​មិន​ឯកោទេ​ ពិភពលោក​ទាំងមូល​គឺជាគ្រួសារតែមួយ។ ​ ក្រោយពី​ឆ្លងកាត់​ព្យុះភ្លៀង​ ១ ​ឆ្នាំកន្លងមក ​យើងបាន​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​ជាង​ពេលណាៗ​ទាំងអស់​ អំពីអត្ថន័យនៃសហគមន៍រួមវាសនា​តែមួយ​របស់មនុស្សជាតិ។ ខ្ញុំបាន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ជាច្រើន​លើក​ជាមួយមិត្តចាស់​និងមិត្តថ្មី​អន្តរជាតិ ​និងបានចូលរួម​កិច្ចប្រជុំ​តាម​អនឡាញ​ជាច្រើន​លើក​។ អ្វីដែល​ត្រូវបាន​ពិភាក្សា​ច្រើន​បំផុត​នោះ​  គឺរួមសាមគ្គីគ្នា​យ៉ាងស្មោះ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ១៩។ ​ការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​មានភារកិច្ច​ធ្ងន់និង​វែងឆ្ងាយ​ទៀត​។ ប្រជាជន​នៃប្រទេស​នានា​គួរពួតដៃគ្នា​រួមសុខរួមទុក្ខ ​ដើម្បី​បណ្តេញ​ស្រមោលខ្មៅ​នៃស្ថានការណ៍​ជំងឺឆ្លង​ក្នុង​ពេលឆាប់ៗ ​និងខិតខំ​កសាងភព​ផែនដី​កាន់តែល្អបវរ។
     ឆ្នាំ ២០២១ ​ជាខួបទី ១០០ ​ឆ្នាំនៃការបង្កើត​បក្សកុម្មុយនិស្តចិន។​ ដំណើរ​អភិវឌ្ឍន៍ ​១០០​ ​ឆ្នាំដ៏អស្ចារ្យ​ គោលបំណង​ដើម​នៅតែមាន​ភាពមុតមាំ​ដដែល​ ទោះបីជាបាន​ឆ្លងកាត់​អស់​ពេល​ ១០០ ​ឆ្នាំក្តី​។​ ពីផ្លូវដឿហែមសឺឃូមិន​ក្រុងសៀងហៃ​ ដល់​បឹងណានហ៊ូ​ស្រុក​ជាសៀង  ​នាវានៃ​បក្សកុម្មុយនិស្តចិន​បាន​ផ្ទុក​ នូវក្តីសង្ឃឹម​របស់ប្រជាជន​និងប្រជាជាតិចិន​ បាន​បរឆ្លង​កាត់​រលក​បោកបក់​និងព្យុះភ្លៀង​រាប់មិន​អស់​  ​និងក្លាយទៅ​ជា​នាវាយក្ស​​ដែលដឹកនាំ​ប្រទេសចិន​ឆ្ពោះទៅ​រក​ការអភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​និងយូរអង្វែង​។ ក្នុងឱកាស​ខួប​ទី ១០០ ​ឆ្នាំ​នៃ​ការបង្កើត​បក្សកុម្មុនិស្ត​ចិន​ ប្រទេសចិន​ប្រកាន់ខ្ជាប់​នូវ​ការតម្កល់​ទុក​ប្រជាជន​ជា​ចម្បង​ រក្សាគោលបំណង​ដើម​និងចងចាំ​បេសកកម្ម​ជាប់ជានិច្ច​ ធ្វើការខិតខំ​ប្រឹងប្រែង​ពុះពារ​ឧបសគ្គ​គ្រប់បែបយ៉ាង ​ដែលមុខជានឹង​អាចសម្រេច​ការស្តារ​ភាពរុងរឿង​ដ៏មហិមា​នៃប្រជាជាតិចិន​ឡើងវិញ​ជាពុំខាន។

To Top