ព័ត៌មានជាតិ

ឆ្នាំ២០២០ ស៊ីម៉ាក់ រំដោះផ្ទៃដីចម្ការមីន ជិត១ម៉ឺនហិកតា និងកម្ទេចចោលជិត ៤ម៉ឺនគ្រាប់

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា កាលពីឆ្នាំ២០២០ អង្គភាពស៊ីម៉ាក់ ធ្វើការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ចំនួន៩,២០០ហិកតា ហើយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន គ្រប់ប្រភេទចំនួន៣៩.២៤៩គ្រាប់។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក លោក ហេង រតនា នាពេលថ្មីៗនេះ បានបញ្ជាក់ថា ឆ្នាំ២០២០ កន្លងផុតទៅ បាននាំមកនូវលទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាពស៊ីម៉ាក់ សម្រេច បានសមិទ្ធផល ជោគជ័យគួរឲ្យកត់សម្គាល់ បើទោះបីជាក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈផ្តល់ការលំបាកដល់កិច្ចប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់មួយចំនួនក៏ដោយ។

លោកបន្ដថា «ក៏លទ្ធផលក្នុងឆ្នាំ២០២០ អង្គភាព ស៊ីម៉ាក់ បានធ្វើការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន ជាង៩,២០០ហិកតា ស្មើនឹងប្រមាណ១១៥% នៃផែនការពង្រាយកម្លាំងប្រតិបត្តិការជាក់ស្ដែង។ កិច្ចប្រតិបត្តិការ ពេញមួយឆ្នាំ២០២០ បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទសរុប ចំនួន៣៩.២៤៩គ្រាប់»។

លោកបន្ថែមថា ទន្ទឹមនឹងនេះ អង្គភាពស៊ីម៉ាក់ ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបាន ចំនួន១៧.៣៦៣លើក ស្មើនឹង៥៥៦.២៨៨ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន១.១៧៦.៣១២នាក់។ គាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយផ្តល់ផ្លូវអភិវឌ្ឍន៍ជនបទ ជំនួយខាងសេដ្ឋកិច្ចសង្គម។

ជាងនេះទៅទៀត លោក ហេង រតនា ក៏បានលើកឡើងថា ក្នុងឆ្នាំ២០២១ អង្គភាពស៊ីម៉ាក់ មានផែនការរំដោះផ្ទៃដីចម្ការ មីន និងចម្ការគ្រាប់ចំនួនប្រមាណ១១.៣០០ហិកតា ផែនការនេះអាចរុករកនិងកម្ទេចចោលគ្រាប់មិន ទាន់ផ្ទុះគ្រប់ ប្រភេទចំនួនប្រមាណ៤០.០០០គ្រាប់ ព្រមទាំង ត្រូវឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ៗចំនួន៥.០០០ករណី។

លោកបញ្ជាក់ថា ផែនការឆ្នាំ២០២១ ដែលជាផែនការមានលក្ខណៈរស់រវើកផ្អែកលើផែនការយុទ្ធសាស្រ្ដរបស់អង្គភាព ផែនការយុទ្ធសាស្រ្ដជាតិសកម្មភាពមីន ក៏ដូចជាផែនការយុទ្ធសាស្រ្ដថ្នាក់ក្រោមជាតិដែលជាកន្សោមអាទិភាព កំណត់គោលដៅក្នុងការរៀបចំផែនការសមាហរណកម្មឆ្នាំ២០២១៕

To Top